ក្រសួងកសិកម្មនិងសហករណ៍ថៃ កំពុងរួមដៃគ្នាជាមួយក្រុមហ៊ុន Grab Thailand និង Alibaba ដើម្បីទាញយកសក្តានុពលនៃទីផ្សារអនឡាញ ក្នុងគោលបំណងទាក់ទាញអតិថិជនប្រមាណ ២៦០ លាននាក់ មកពី ១៩០ប្រទេស។ ការចាប់ដៃគ្នានេះគឺជាផ្នែកមួយនៃគោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចនិងការប្រើប្រាស់ក្នុងស្រុក ក្រោមយុទ្ធនាការ «បរិភោគកសិផលថៃមុនគេ» និងការបើកទីផ្សារកសិករនៅលើវេទិកា Grab ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ។
ក្រសួងក៏បានចាប់ដៃជាមួយក្រុមហ៊ុន Alibaba ក្នុងគោលបំណងនាំយកកសិផលថៃទៅទីផ្សារបរទេស តាមរយៈវេទិការបស់ Alibaba ឈ្មោះថា «Farmer Mart» តាំងពីថ្ងៃទី០១ ដើមខែនេះដូចគ្នា។
កសិផលថៃចំនួន ៥ ប្រភេទ មកពីខេត្តចំនួន ៣ រួមមានដូចជា៖ ស្វាយថៃ Nam Dok Mai មកពីសហករណ៍កសិកម្ម Ban Rong San ខេត្ត Phayao, ផ្លែគូលែនពូជ Hong Hui និង Chakkraphat មកពីសហករណ៍កសិកម្ម Mae Sauk ខេត្ត Phayao, ផ្លែមង្ឃុតនិងទុរេន ពីសហករណ៍ Wang Sai Nikom នៃខេត្ត Rayong, ចេកអំបូងមាស (Gros-Michel) មកពី Ban Lat ក្នុងខេត្ត Phetchaburi។ ក្រសួងបាននិយាយថាគម្រោងនេះនឹងពង្រីកបន្ថែមទៀតនូវប្រភេទកសិផល ប្រភពផលិតផលកសិកម្ម និងតំបន់សេវាកម្មក្នុងរយៈពេល ២សប្តាហ៍ទៀត៕
![]()

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand


