គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី​ តម្លៃ ១៥០០ លានដុល្លារមានទីតាំងស្ថិតនៅតាខ្មៅ ខេត្តកណ្ដាល និងខេត្តតាកែវ ចាប់ផ្ដើមបុកគ្រឹះនៅថ្ងៃនេះហើយ
សេដ្ឋកិច្ច June 3, 2020 Chan Sreyny

នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ​ និងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ និងស្រុកបាទី​ ខេត្តតាកែវ​។

បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ​២០២០ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារសម្រេចការសាងសង់បាន ៣០%ហើយ។

យ៉ាងណាមិញនៅក្នុងការអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីរបស់ឯកឧត្តម​ ជា សុផារ៉ា បានបង្ហាញនូវប្លង់រចនាបថស្ថាបត្យកម្មនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ដែលត្រូវបានរចនាដោយក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេស គឺក្រុមហ៊ុន Foster & Partners ដែលមានបទពិសោធន៍រចនាអគារល្បីៗជាច្រើនដូចជា មហាវិចិត្រសាលម្ចាស់ក្សត្រីយ៍អេលីហ្សាប៊ែតទី២ (Queen Elizabeth II Great Court ) និង Bloomberg London ជាដើម៕