ហ្វីលីពីន៖ អាជីវកម្ម និងសេវាកម្មដឹកជញ្ជូនសាធារណៈភាគច្រើននៅក្នុងប្រទេសហ្វីលីពីនបានវិលត្រលប់មកធ្វើប្រតិបត្តិការដូចធម្មតាវិញ បន្ទាប់ពីដាក់ចេញវិធានការបិទទ្វារប្រទេសអស់រយៈពេល ២ខែកន្លះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ រថភ្លើង រថយន្តក្រុង និងសេវាផ្សេងៗនៃការដឹកជញ្ជូនសាធារណៈបានដំណើរការឡើងវិញកាលពីថ្ងៃច័ន្ទ បន្ទាប់ពីត្រូវបានផ្អាកចាប់តាំងពីពាក់កណ្ដាលខែមីនាមក។
ទោះបីជាយ៉ាងនេះក្ដីសេវាកម្មដឹកជញ្ជូននានា ដែលអនុញ្ញាតឲ្យដំណើរការឡើងវិញត្រូវគោរពតាមវិធានការរបស់រដ្ឋាភិបាល ដោយធានាថាអ្នកដំណើរទាំងអស់ត្រូវបានរក្សាគម្លាតយ៉ាងតិច ១ ម៉ែត្រពីគ្នា និងថែរក្សាអនាម័យផ្ទាល់ខ្លួនផងដែរ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ទោះបីជាមានការរឹតត្បិតក្នុងការធ្វើដំណើរក៏ដោយល្បឿននៃការឆ្លងវីរុសបានកើនឡើងចាប់តាំងពីចុងខែឧសភា ដោយគិតត្រឹមថ្ងៃអាទិត្យ ហ្វីលីពីនមានករណីជាង ១៨,០០០ ករណីដែលត្រូវបានបញ្ជាក់។

ជាមួយគ្នានេះដែររដ្ឋាភិបាលនិយាយថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនៅក្នុងរយៈពេលពីខែមករា ដល់ខែមីនាបានធ្លាក់ចុះ ០.២% ដែលជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលប្រហែល ២១ ឆ្នាំចុងក្រោយនេះ។ ហើយយ៉ាងហោចណាស់មានមនុស្សចំនួន ២.៧ លាននាក់ត្រូវបានគេប៉ាន់ស្មានថា បានបាត់បង់ការងារដោយសារការផ្ទុះឡើងនៃជំងឺនេះផងដែរ៕

ប្រភព៖ nhk
អត្ថបទ៖ លីនី


