ប្រទេសអារ៉ាប់ប៊ីសាអូឌីតនឹងបញ្ចូលទឹកប្រាក់ចំនួន ៥០ ពាន់លានរីយ៉ាល់ (១៣.៣ ពាន់លានដុល្លារ) ទៅក្នុងប្រព័ន្ធធនាគារ ដើម្បីជួយគ្រប់គ្រងការធ្លាក់ចុះនៃវិស័យនេះ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 និងការធ្លាក់ចុះនៃតម្លៃប្រេង។ ការផ្លាស់ប្តូរចេញដោយអាជ្ញាធររូបិយវត្ថុអារ៉ាប៊ីសាអូឌីត ឬ SAMA ដែលជាធនាគារកណ្តាលរបស់ប្រទេស នឹងគាំទ្រដល់ស្ថិរភាពហិរញ្ញវត្ថុ និងលើកកម្ពស់មធ្យោបាយឥណទានដល់វិស័យឯកជន។ កម្មវិធីនេះមានគោលបំណងជួយធនាគារប្ដូរនិងរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញ ដោយមិនចាំបាច់បង់ថ្លៃបន្ថែមពីលើ និងគាំទ្រដល់ការងារក្នុងវិស័យឯកជន។
បញ្ហាតម្លៃប្រេងឆៅចុះទាប និងវិបត្តិជំងឺ COVID-19 ក្នុងពេលដំណាលគ្នា នឹងធ្វើឱ្យសេដ្ឋកិច្ចមិនមែនប្រេងរបស់អារ៉ាប់ប៊ីសាអូឌីត ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល៣០ឆ្នាំ។ ដូច្នេះធនាគារកណ្តាលបានប្រកាសកម្មវិធីប្រាក់ ៥០ ពាន់លានរីយ៉ាល់ ដើម្បីជួយដល់អាជីវកម្មឯកជនខ្នាតតូចជាច្រើននៅក្នុងប្រទេស។ រដ្ឋាភិបាលក៏បានផ្ទេរប្រាក់ចំនួន ១៥០ ពាន់លានរីយ៉ាល់ (៤០ពាន់លានដុល្លារ) ចេញពីទុនបំរុងបរទេសរបស់ SAMA ទៅឱ្យមូលនិធិវិនិយោគសាធារណៈនៅក្នុងខែមីនានិងខែមេសា ដើម្បីជួយវាហិរញ្ញប្បទានដល់ការទិញទ្រព្យសម្បត្តិជាច្រើនផងដែរ។
ឱនភាពសារពើពន្ធរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងពង្រីកដល់ជិត ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ ការព្យាករណ៍របស់ IMF ក៏បានបង្ហាញដែរថា ទុនបម្រុងផ្លូវការសរុបនឹងធ្លាក់ចុះដល់ប្រមាណ ៤៥៦ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយបន្តនិន្នាការដដែលនេះរហូតដល់ឆ្នាំ២០២១។ ប្រទេសនេះអាចត្រូវខ្ចីប្រាក់ចំនួន ២២០ ពាន់លានរីយ៉ាល់ ច្រើនជាងការរំពឹងទុកនៅឆ្នាំនេះ ខណៈពេលដែលរក្សា Drawdown ពីទុនបំរុងរហូតដល់ ១២០ ពាន់លានរីយ៉ាល់៕


អត្ថបទ៖ លីដា
ប្រភព៖ Bloomberg


