ផ្លូវ ៣៤ខ្សែ តម្លៃប្រមាណ ៣០០ លានដុល្លារនៅក្រុងព្រះសីហនុ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ ខណៈសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញពិនិត្យលទ្ធផលដោយផ្ទាល់
សេដ្ឋកិច្ច June 1, 2020 Chan Sreyny

នៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។

ជាក់ស្ដែងមកទល់ពេលនេះផ្លូវក្រវាត់ក្រុងនៃក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ បន្ទាប់ពីសម្តេចតេជោបានអញ្ជើញពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ ដោយធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិកងកេង នៃខេត្តព្រះសីហនុ ឆ្ពោះមកកាន់សមុទ្ររាម ដោយឆ្លងកាត់ឆ្នេរសមុទ្រ និងជ្រលងភ្នំជាច្រើនកន្លែង និងបន្តមកឆ្នេរអូត្រេស ឆ្នេរអូឈើទាល។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទន្ទឹមនឹងនេះដែររាជរដ្ឋាភិបាលបានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស អ្វីដែលពិសេសជាងនេះគឺបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ៕