ប្រទេសហ្វីលីពីនសព្វថ្ងៃនេះមិនមែនប្រឈមតែបញ្ហាជំងឺរាតត្បាតជាសកល COVID-19 ដែលកំពុងចម្លងដល់ពលរដ្ឋខ្លួនជាង ១៨,០០០នាក់ ខណៈសម្លាប់មនុស្សជិត ១,០០០នាក់ និងធ្វើឱ្យពលរដ្ឋបាត់បង់ការងារធ្វើនោះទេ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរប្រទេសដែលមានប្រជាជនជាង ១០០ លាននាក់មួយនេះ កំពុងជួបវិបត្តិមានប្រជាជនរស់នៅក្នុងទីក្រុងច្រើនជ្រុលផងដែរ។ ដូច្នេះហើយរដ្ឋាភិបាលហ្វីលីពីនបានរៀបចំកម្មវិធីមួយឈ្មោះថា «ត្រឡប់ទៅខេត្ត» ដែលកម្មវិធីនេះមានគោលបំណងជំរុញពលរដ្ឋនៅក្នុងរដ្ឋធានីរបស់ប្រទេស ត្រឡប់ទៅរស់នៅតាមខេត្តវិញ តាមរយៈការផ្ដល់ប្រាក់បន្ថែមដើម្បីជាការលើកទឹកចិត្ត។
បច្ចុប្បន្នទីក្រុងម៉ានីឡាជាជម្រករបស់ពលរដ្ឋហ្វីលីពីនប្រហែលជា ១៣.៧ លាននាក់ និងជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានប្រជាជនរស់នៅកកកុញបំផុតរបស់ពិភពលោក។ ទីក្រុងមួយនេះកំពុងផ្ទុកមនុស្សលើសចំណុះរបស់ខ្លួន ដូច្នេះមានតែវិធីលើកទឹកចិត្តពលរដ្ឋឱ្យទៅរស់នៅខេត្តប៉ុណ្ណោះ ទើបអាចដោះស្រាយទាំងបញ្ហាខ្វះការងារធ្វើ និងជម្រកមិនគ្រប់គ្រាន់នេះបាន។ វាក៏ស្របទៅការពិតដែលថា ទីក្រុងនេះកំពុងប្រឈមនឹងភាពអត់ការងារធ្វើ នៅចំពេលដែលប្រទេសទាំងមូលអនុវត្តការរឹតត្បឹតទប់ស្កាត់ជំងឺ COVID-19 ។

នៅក្នុងការទាក់ទាញពលរដ្ឋឱ្យទៅរស់នៅតាមខេត្តវិញ លោកប្រធានាធិបតី Rodrigo Duterte បានមានប្រសាសន៍ថា លោកនឹងចំណាយទាំងប្រាក់និងទំនិញរហូតដល់ទៅ ២,១៨១ ដុល្លារអាមេរិក ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋត្រឡប់ទៅនៅខេត្ត។ កម្មវិធីនេះមានតាំងពីពាក់កណ្ដាលខែឧសភា ហើយមានប្រជាជនប្រហែល ៦០,០០០នាក់ កំពុងដាក់ពាក្យស្នើយកការផ្ដល់ជូននេះ។ ជំហានបន្ទាប់របស់កម្មវិធីនេះគឺត្រូរកការងារនៅជនបទ ដូច្នេះនាយកដ្ឋានការងារបានឱ្យដឹងថា អ្នកដែលផ្លាស់ទីលំនៅអាចស្វែងរកការងារធ្វើជាមួយកម្មវិធីហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ឬផ្នែកអនាម័យបាន៕


អត្ថបទ៖ លីដា
ប្រភព៖ Bloomberg


