សិង្ហបុរីនៅតែខ្លាំងក្នុងវិបតិ្តកូវីដ ខណៈវិស័យនាំចេញមួយនេះដែលក្លាយជាសសរទប់លំនឹងសេដ្ឋកិច្ច
សេដ្ឋកិច្ច June 1, 2020 Chan Sreyny

ការនាំចេញផលិតផលឱសថរបស់ប្រទេសសិង្ហបុរីបានកើនឡើងចាប់ពីដើមឆ្នាំនេះ ដោយសារតែការរីករាលដាលនៃជំងឺដែលបង្កឡើងដោយវីរុស Covid-19 ធ្វើឲ្យការស្តុកថ្នាំ និងសារធាតុផ្សំសម្រាប់ផលិតបានកើនឡើងនៅលើពិភពលោក។ សារព័ត៌មាន VNA បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ទិន្នផលឱសថរបស់ប្រទេសនេះបានកើនឡើងខ្ពស់ខ្លាំងដល់ទៅ ៨៦% នៃដើមឆ្នាំនេះ ដោយការនាំចេញក្នុងខែមេសាកើនឡើង ១៧៤% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាម ​​Fitch Solutions ប្រទេសសិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោក ដែលនាំចេញឱសថច្រើនជាងការនាំចូល។ ប្រទេសនេះមានរោងចក្រជាង ៥០ រួមទាំងរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនចំនួន ៨ ក្នុងចំណោមក្រុមហ៊ុនឱសថធំជាងគេបំផុតទាំង ១០ របស់ពិភពលោក។ ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ជាគោលដៅនាំចេញធំបំផុតរបស់សិង្ហបុរីសម្រាប់គ្រឿងផ្សំឱសថសកម្ម (APIs) ក្នុងប៉ុន្មានខែថ្មីៗនេះ។

លោក Ti Hwei ប្រធានសមាគមឧស្សាហកម្មឱសថសិង្ហបុរីបាននិយាយថា ក្រុមហ៊ុននិងរដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងបង្កើនស្តុកផលិតផល (APIs) និងថ្នាំយ៉ាងច្រើនដើម្បីធានាថាការផ្គត់ផ្គង់ថ្នាំ ដែលធ្វើឲ្យវិស័យនាំចេញមួយនេះនៅតែមិនមានការរំខាន និងអាចបិទទីផ្សារ។ គួរបញ្ជាក់ផងដែរថា ឧស្សាហកម្មជីវសាស្រ្តរបស់សិង្ហបុរីដែលមានបុគ្គលិកជាង ២៤,០០០ នាក់មានចំនួនប្រហែល ២០% នៃវិស័យផលិតកម្មក្នុងឆ្នាំ២០១៩ ដែលប្រហែលនឹង ៥% នៃផលិតផលក្នុងស្រុកសរុប៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី