អាមេរិកចាប់ផ្ដើមដកហូតសិទ្ធពិសេសរបស់ហុងកុងក្នុងការធ្វើពាណិជ្ជកម្ម និងបញ្ចប់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោកដោយបង្វិលមូលនិធិទៅអង្គការផ្សេងវិញ
សេដ្ឋកិច្ច May 30, 2020 Chan Sreyny

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកនឹងចាប់ផ្ដើមហូតនូវសិទ្ធពិសេសមួយចំនួនដែលបានផ្ដល់ឲ្យហុងកុង។ យោងតាមការសារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ការដកហូតនេះត្រូវបានកើតឡើងបន្ទាប់ពីប្រទេសចិនបានសម្រេចណែនាំច្បាប់សន្តិសុខថ្មីនៅក្នុងទឹកដីហុងកុង ដើម្បីបង្រ្កាបទៅលើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល។

លោក ដូណាល់ ត្រាំ បានធ្វើសេចក្ដីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីសភាចិនបានអនុម័តច្បាប់នេះកាលពីថ្ងៃព្រហស្បតិ៍។ នាសន្និសីទសារព័ត៌មាននោះលោក ត្រាំ បាននិយាយថា ហុងកុងលែងមានស្វ័យភាពគ្រប់គ្រាន់ដើម្បីធានាការអនុគ្រោះទៀតហើយ។ ខណៈលោកបានចោទប្រកាន់ទីក្រុងប៉េកាំងពីការជំនួសក្របខ័ណ្ឌ “ប្រទេសមួយប្រព័ន្ធពីរ” ជាមួយ “ប្រទេសមួយប្រព័ន្ធមួយ”។

លោកបានបន្តថា ការផ្លាស់ប្តូរនេះនឹងជះឥទ្ធិពលដល់កិច្ចព្រមព្រៀងពេញលេញរវាងសហរដ្ឋអាមេរិកនិងហុងកុងចាប់ពីការធ្វើបត្យាប័នឧក្រិដ្ឋជនរហូតដល់ការត្រួតពិនិត្យការនាំចេញ។ បន្ថែមពីនេះលោកក៏បានលើកឡើងពីផែនការដើម្បីកំណត់សកម្មភាពរបស់ក្រុមហ៊ុនចិនបន្ថែមទៀតនៅសហរដ្ឋអាមេរិក។ ហើយប្រធានាធិបតីក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិកនឹងបញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយអង្គការសុខភាពពិភពលោក បន្ទាប់ពីលោកបាននិយាយថា “ លំអៀងទៅលើខាងចិនខ្លាំងពេក” ។
មិនតែប៉ុណ្ណោះមូលនិធិសម្រាប់អង្គការសុខភាពពិភព លោក ត្រាំ នឹងត្រូវប្តូរទិសទៅអង្គការដទៃទៀត៕

ប្រភព៖ nhk
អត្ថបទ៖ លីនី