អង្គការទេសចរណ៍ពិភពលោក៖ ចំនួនភ្ញៀវទេសចរអន្តរជាតិអាចនឹងធ្លាក់ចុះពី ៦០% ទៅ ៨០% ក្នុងឆ្នាំនេះដោយសារការរាតត្បាតពីវីរុស Covid-19
សេដ្ឋកិច្ច May 29, 2020 Chan Sreyny

ទិន្នន័យចុងក្រោយរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា ការរាតត្បាតពីវីរុស Covid-19 បានបណ្ដាលឲ្យមានការធ្លាក់ចុះ ២២% នៃចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងអំឡុងត្រីមាសទី១ ឆ្នាំ​២០២០នេះ។ យោងតាមទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិវិបត្តិអាចនាំឱ្យមានការធ្លាក់ចុះប្រចាំឆ្នាំពី ៦០% ទៅ ៨០% បើប្រៀបធៀបនឹងតួលេខឆ្នាំ២០១៩ ។ ប្រការនេះធ្វើឱ្យជីវភាពរស់នៅរាប់លានត្រូវប្រឈមនឹងហានិភ័យ ហើយគំរាមកំហែងវិលត្រឡប់មកវិញនូវវឌ្ឍនភាពដែលសម្រេចបានក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

លោក Zurab Pololikashvili អគ្គលេខាធិការអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសុខភាព និងសេដ្ឋកិច្ចដែលមិនធ្លាប់មាន។ វិស័យទេសចរណ៍បានជួបការលំបាក ដោយមានការងាររាប់លានកន្លែងស្ថិតក្នុងហានិភ័យ ខណៈវិស័យទេសចរណ៍ គឺជាវិស័យដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើនបំផុត។ ជាមួយគ្នានេះទិន្នន័យចុងក្រោយរបស់ (UNWTO) ដែលបានរាយការណ៍តាមទិសដៅនានាចង្អុលបង្ហាញពីការធ្លាក់ចុះ ២២% នៃការមកដល់ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។

ដោយការមកដល់នៅខែមីនាបានធ្លាក់ចុះយ៉ាងខ្លាំង ៥៧% បន្ទាប់ពីការបិទទ្វារនៅក្នុងប្រទេសជាច្រើន ព្រមទាំងការដាក់ពង្រាយការរឹតបន្តឹងការធ្វើដំណើរ និងការបិទព្រលានយន្តហោះនិងព្រំដែនជាតិ។ នេះមានន័យថាបាត់បង់ចំនួនអ្នកទេសចរអន្តរជាតិចំនួន ៦៧ លាននាក់ និងចំណូលដែលទទួលបានប្រហែល ៨០ ពាន់លានដុល្លារ (ការនាំចេញពីទេសចរណ៍)។

ទន្ទឹមនឹងនេះដែរសេណារីយ៉ូបច្ចុប្បន្នបានចង្អុលបង្ហាញពីការថយចុះដែលអាចកើតមាននៃការមកដល់ពី ៥៨% ទៅ ៧៨% សម្រាប់ឆ្នាំនេះ។ ទាំងនេះអាស្រ័យលើល្បឿននៃការទប់ និងរយៈពេលនៃការរឹតត្បិតការធ្វើដំណើរ និងការបិទព្រំដែន។ នៅក្រោមសេណារីយ៉ូទាំងនេះផលប៉ះពាល់នៃការបាត់បង់តម្រូវការក្នុងការធ្វើដំណើរអន្តរជាតិអាចប្រែទៅជា៖ បាត់បង់ភ្ញៀវទេសចរអន្តរជាតិ ៨៥០ លាននាក់ទៅ ១.១ ពាន់លាននាក់។

លើសពីនេះខាតបង់ចំណូលពី ៩១០ ពាន់លានដុល្លារទៅ ១.២ សែនកោដិដុល្លារលើប្រាក់ចំណូលពីការនាំចេញពីវិស័យទេសចរណ៍ និងការងារទេសចរណ៍ដោយផ្ទាល់ពី ១០០ ទៅ ១២០ លានស្ថិតក្នុងហានិភ័យ។ នេះគឺជាវិបត្តិដ៏អាក្រក់បំផុតនៅក្នុងវិស័យទេសចរណ៍ចាប់តាំងពីបានចាប់ផ្តើមកើតមានក្នុងឆ្នាំ ១៩៥០៕

ប្រភព៖ unwto
អត្ថបទ៖ លីនី