រដ្ឋាភិបាលឥណ្ឌូនេស៊ីបញ្ចេញប្រាក់ ២០២ លានដុល្លារ សង្រ្គោះគ្រួសារក្រីក្រជិត ៥ លានដែលហៀបនឹងធ្លាក់ចូលភាពក្រីក្រដោយសារវិបត្តិ Covid-19
សេដ្ឋកិច្ច May 29, 2020 Chan Sreyny

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ២.៩៩ ទ្រីលានរូពី (២០២ លានដុល្លារអាមេរិក) ដល់គ្រួសារក្រីក្រជិត ៥ លានគ្រួសារ តាមរយៈកម្មវិធីមូលនិធិភូមិ ខណៈមូលនិធិនេះត្រូវបានបង្កើតឡើងដើម្បីការពារគ្រួសារដែលមានហានិភ័យខ្ពស់បំផុតក្នុងការធ្លាក់ចូលទៅក្នុងភាពក្រីក្រចំពេលដែលកើតមានឡើងនូវវីរុសរាត្បាត Covid-19 ដែលនៅតែបន្តរាតត្បាត និងរាំងស្ទះដល់សេដ្ឋកិច្ចពិភពលោក។

យោងតាមរដ្ឋមន្រ្តីទទួលបន្ទុក លោក Abdul Halim Iskandar បានឲ្យដឹងថា ភូមិ និង តំបន់ខ្វះខាតជាង ៤៧,០០០ ទទួលបានប្រាក់ចំនួន ៦០០,០០០ រូពី ដល់គ្រួសារដែលបានចុះឈ្មោះនីមួយៗតាមរយៈការផ្ទេរប្រាក់។ ជាសរុបមានភូមិចំនួន ៦៣,០០០ នៃភូមិជិត ៧៥,០០០ នៅប្រទេសឥណ្ឌូនេស៊ីបានទទួលថវិកាពីមូលនិធិភូមិ។

លោក Abdul បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលបន្តចែកចាយការផ្ទេរសាច់ប្រាក់បើទោះបីជា បញ្ហាប្រឈមមួយចំនួនបានរារាំងការផ្តល់ប្រាក់កម្ចីកាន់តែលឿនរួមមាន កង្វះហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររដ្ឋបាលភូមិ។ យ៉ាងណាមិញរដ្ឋាភិបាលរំពឹងថាមនុស្ស ១.៨៩ លានទៅ ៤.៨៩ លាននាក់នឹងធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រចំពេលមានការរីករាលដាលនៃវីរុស Covid-19។ ហើយយោងតាមការប៉ាន់ស្មានជាផ្លូវការមនុស្ស ៣ លានទៅ ៥.២៣ លាននាក់អាចបាត់បង់ការងាររបស់ពួកគេដោយសារជំងឺរាតត្បាតនេះ។

ទន្ទឹមនឹងនេះនៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចលើកទី៤ ដែលបានប្រកាសនៅថ្ងៃទី១៩ ខែឧសភា រដ្ឋាភិបាលនឹងដាក់ចេញនូវការជំរុញកំណើនសេដ្ឋកិច្ច ៦៤១.១៧ ទ្រីលានរូពីដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម (MSMEs) និងធានាប្រាក់សំណងដល់សហគ្រាសគ្រប់គ្រងដោយរដ្ឋ (SOEs)។

បន្ថែមពីនេះរដ្ឋាភិបាលគ្រោងនឹងបង្កើនការចំណាយរបស់ខ្លួនលើជំនួយជាសាច់ប្រាក់តាមភូមិដលចំនួន ៣១.៨ ទ្រីលានរូពីបន្ទាប់ពីបានបែងចែកប្រាក់ចំនួន ២១.២ ទ្រីលានរូពី។ ដោយនឹងផ្តល់ប្រាក់ចំនួន ៦០ ម៉ឺនរូពីក្នុងមួយខែសម្រាប់រយៈពេល ៣ ខែដល់គ្រួសារដែលមានលក្ខណៈវិនិច្ឆ័យជាក់លាក់ដូចជា គ្រួសារដែលមានសមាជិកម្នាក់បាត់បង់ការងារ ហើយមិនបានទទួលជំនួយតាមរយៈកម្មវិធីក្តីសង្ឃឹមគ្រួសារ (PKH) ហើយប្រាក់បន្ថែមចំនួន ៣០០,០០០ រូពីអាចត្រូវបានផ្តល់ជូនដល់គ្រួសារសម្រាប់រយៈពេល ៣ ខែទៀតផងដែរ៕

ប្រភព៖ thejakartapost
អត្ថបទ៖ លីនី