គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះ ការងារសាងសង់មណ្ឌលកីឡាហែលទឹកឋិតក្នុងបរិវេណសាកលវិទ្យាល័យខេត្តបាត់ដំបងសម្រេចបាន ៦៩.៥% ហើយ ដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មណ្ឌលកីឡាហែលទឹក ដែលមានទីតាំងឋិតនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជុន។
សូមបញ្ជាក់ផងដែរថា មណ្ឌលហែលទឹកនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាងសង់ឡើងតាមស្តង់អន្តរជាតិ គ្រោងចំណាយថវិកា ប្រមាណ ២លានដុល្លាសហរដ្ឋអាមេរិក គ្រោងចំណាយពេលសាងសង់ប្រមាណ ២៤ខែ ហើយគិតរហូតមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៦៩.៥% ហើយ។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនមណ្ឌលហែលទឹកនេះសាងសង់លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ក្នុងនោះរួមមាន៖ អាង សម្រាប់ប្រកួតទំហំ២៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ជម្រៅ២ម៉ែត្រ អាងលោតទឹកទំហំ ២០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ជម្រៅ ៤.៥ម៉ែត្រ អាងហែលកំដៅសាច់ដុំទំហំ ១០ម៉ែត្រ គុណនឹង ១៥ ម៉ែត្រ ជម្រៅ ១.៥ម៉ែត្រ ប៉មលោតទឹកកំពស់ ១០ម៉ែត្រ ចែកជាថ្នាក់លោតកំពស់ ៣ម៉ែត្រ ៥ម៉ែត្រ ៧ម៉ែត្រ និង១០ ម៉ែត្រ អាងទាំង ៣ និងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ ៤០ម៉ែត្រ គុណនឹង ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១.៥ម៉ែត្រ អាងទឹកក្នុងដីសម្រាប់រក្សាតុល្យភាពទឹកអាងទាំង ៣ ទំហំ ១០ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ជម្រៅ ២.៥ម៉ែត្រ។

លើសពីនេះទៀត មណ្ឌលហែលទឹកនេះរួមមាន៖ កន្លែងអង្គុយទស្សនា បន្ទប់ម៉ាស៊ីនចម្រោះ បន្ទប់ឃ្លាំង បន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទប់ទឹកកីឡាករកីឡាការីនី បន្ទប់ទឹកសាធារណៈ ទីធ្លាចំណតរថយន្ត និងទោចក្រយានយន្ត អាគារពហុបំណង បន្ទប់ពិសេសសម្រាប់គណៈអធិបតី បន្ទប់បញ្ជាការប្រកួត បន្ទប់ សង្គ្រោះបន្ទាន់ បន្ទប់អាជ្ញាកណ្តាល កន្លែងសម្រាករយៈពេលខ្លីក្នុងពេលប្រកួត បន្ទប់ស្នាក់នៅសម្រាប់ កីឡាករទាំងពីរភេទ បន្ទប់បរិភោគ និងចង្រ្កានចំអិនអាហារផងដែរ។

មណ្ឌលហែលទឹកនេះសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឱ្យកីឡាករ កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាដើម្បីសុខភាព ឬក៏ដូច ជាដើម្បីត្រៀមចូលរួមដណ្តើមយកមេដាយក្នុងការប្រកួតស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែល ព្រះរាជាណាចក្រកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនៃការប្រកួតនេះ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជុន


