កម្មករចំនួន ៤០ ម៉ឺននាក់នៅក្នុងឧស្សាហកម្មស្បែកជើងរបស់ឥណ្ឌូណេស៊ីបានបាត់បង់ការងារដោយសារតែវីរុស Covid-19
សេដ្ឋកិច្ច May 28, 2020 Chan Sreyny

ឥណ្ឌូណេស៊ី៖ យោងតាមស្ថិតិបឋមបានឲ្យដឹងថាកម្មករជិត ៤០០,០០០ នាក់នៅក្នុងឧស្សាហកម្មផលិត​ស្បែកជើងរបស់ឥណ្ឌូនេស៊ីត្រូវបានបាត់បង់ការងារដោយសារតែជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19។ ជាមួយគ្នានេះប្រធានសមាគមអ្នកផលិតស្បែកជើងឥណ្ឌូនេស៊ី (Fisisindo) លោក Firman Bakri បានមានប្រសាសន៍ថា ឧស្សាហកម្មផលិតស្បែកជើងរបស់ប្រទេសនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។

លោក Firman Bakri បានមានប្រសាសន៍ថា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះកើតឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ខណៈការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្ម ត្រូវបានបង្អាក់ដោយសារតែអ្នកផ្គត់ផ្គង់ធំៗ របស់ចិនបានផ្អាកប្រតិបត្តិការ។ លោកបានបន្ថែមថា រោងចក្រជាច្រើនត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ខណៈរោងចក្រខ្លះនៅតែព្យាយាមរក្សា​ប្រតិបត្តិការ ប៉ុន្តែមានសមត្ថភាពប្រមាណ ៤០% ប៉ុណ្ណោះដើម្បីបំពេញការបញ្ជាទិញសម្រាប់នាំចេញ។ បន្ថែមពីនេះលោកបានកត់សម្គាល់ថា ស្ថានភាពនេះអាចអូសបន្លាយពេលយូរ ហើយចំនួនកម្មករដែលត្រូវចាកចេញពីការងារនឹងកើនឡើងនាពេលខាងមុខទៀត៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី