ប្រទេសថៃតាមរយៈឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា បានផ្ដល់ជូនថវិកាចំនួន ២លានបាត ដល់កម្ពុជាដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ ការផ្ដល់ជូនថវិកានេះ ត្រូវបានប្រព្រឹត្តឡើងនាឱកាសជួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្នុងកិច្ចពិភាក្សា្នគ្នានេះ ឯកឧត្តម ប៉ានយ៉ារ៉ាក់ ជាថ្មីម្ដងទៀតបានសំដែងនូវការចូលរួមរំលែកមរណៈទុក្ខជាមួយ សម្តេចតេជោចំពោះការបាត់បង់ម្ដាយក្មេក របស់សម្តេចកន្លងមក។ ជាមួយគ្នានេះឯកឧត្តមក៏បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោដែលបានដាក់វិធានការយ៉ាងប្រាកដនិយមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អំពីការរាតត្បាតនៅកម្ពុជា។

ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចអំពីសកម្មភាពរបស់ស្ថានទូតថៃប្រចាំកម្ពុជា គឺឯកឧត្តមបានធ្វើការជាមួយនឹង ក្រុមហ៊ុនថៃនៅកម្ពុជាដោយបានធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតំលៃទំនិញនៅកម្ពុជា និងបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះឲ្យមានការចែករំលែកនូវសម្ភារៈដូចជា សម្ភារៈអនាម័យមានម៉ាស់ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

ជាពិសេសឯកឧត្តមក៏បានណែនាំនិងធ្វើការជាមួយក្រុមហ៊ុនថៃទាំងអស់ដោយធ្វើយ៉ាងណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញមក។ ស្ថិតក្នុងឱកាសខួបលើកទី ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ឯកឧត្តមក៏បាននាំយកថវិកាចំនួន ២ លានបាត ដើម្បីប្រគល់ជូនសម្ដេចតេជោក្នុងការចូលរួមចំណែកទប់ស្កាត់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។

ជាកិច្ចឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតថៃដែលបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធមាតាក្មេករបស់សម្ដេចដល់គេហដ្ឋាន ហើយនាំនូវសារសួរសុខទុក្ខ និងការចែករំលែកទុក្ខពីឯកឧត្តមនាយករដ្ឋមន្រ្តីថៃផងដែរ។ សម្តេចក៏បានអរគុណចំពោះការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ covid-19 របស់ស្ថានទូតថៃ ដូចជារបស់ប្រជាជនថៃ និងរាជរដ្ឋាភិបាលថៃជាមួយកម្ពុជាផងដែរ៕
អត្ថបទ៖ លីនី


