សហភាព​អឺរ៉ុបបញ្ចេញទឹកប្រាក់ ៨២៦ពាន់លានដុល្លារ ដើម្បីទប់ទល់វិបត្តិវីរុស COVID-19 និងស្ដារសេដ្ឋកិច្ចរបស់ទ្វីបអឺរុបឡើងវិញ
សេដ្ឋកិច្ច May 27, 2020 Khmernote

គណៈកម្មការអឺរ៉ុបបានបង្ហាញផែនការកញ្ចប់ទឹកប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូ (៨២៦ពាន់លានដុល្លារ) នៅថ្ងៃពុធនេះ ដែលជាផ្នែកមួយនៃថវិកាសម្រាប់ផែនការនិងការស្តាររយៈពេលវែង ដើម្បីជួយប្រឆាំងនឹងផលប៉ះពាល់នៃវីរុស COVID-19 លើសេដ្ឋកិច្ចរបស់ទ្វីបអឺរ៉ុប។ យោងតាមរបាយការណ៍បានឱ្យដឹងថា ថវិការបស់សហភាពអឺរ៉ុបដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចរបស់ខ្លួន គឺចេញពីការរៃអង្គាសប្រាក់ពីទីផ្សារហិរញ្ញវត្ថុ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្ដីប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍អាឡឺម៉ង់ថា ទឹកប្រាក់ ៥០០ពាន់លានអឺរ៉ូ ក្នុងកញ្ចប់នេះនឹងត្រូវចាត់ថ្នាក់ក្រោមជំនួយឥតសំណង ខណៈ ២៥០ពាន់លានអឺរ៉ូ នឹងត្រូវចាត់ទុកថាជាប្រាក់កម្ចី។

ទោះបីជាការប្រកាសជាផ្លូវការមិនត្រូវបានគេរំពឹងទុករហូតដល់យប់ថ្ងៃពុធ លោក Paolo Gentiloni ស្នងការសេដ្ឋកិច្ចអឺរ៉ុបបាននិយាយក្នុង Twitter ថា៖«គណៈកម្មាធិការស្នើសុំមូលនិធិស្តារឡើងវិញចំនួន ៧៥០ពាន់លានអឺរ៉ូ ដែលត្រូវបានបន្ថែមទៅក្នុងគោលដៅរួមដែលបានដាក់ចេញ។ ជាការប្រឈមនឹងវិបត្តិថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក»។ DAX របស់អាឡឺម៉ង់បានកើនឡើង ១.៦% ក្នុងទីផ្សារដោះដូរអឺរ៉ុប និង EURO STOXX 50 បានកើនឡើង ១.៧% ។ ប្រាក់អឺរ៉ូកើនបាន ០.៤% នៅក្នុងសារព័ត៌មាន ហើយឈរដល់ ១.១០ ដុល្លារ គិតត្រឹមម៉ោង ១១ និង ៤០ នាទី នៅទីក្រុងឡុង៕

អត្ថបទ៖ លីដា
ប្រភព៖ Business Insider