ការប្រជែងគ្នារវាងប្រទេសចិន-សហរដ្ឋអាមេរិក គឺដូចជាយុទ្ធសាស្ត្រ «ចាញ់-ចាញ់» សម្រាប់ប្រទេសទាំងសងខាង
សេដ្ឋកិច្ច May 26, 2020 Khmernote

លោក Graham Allison ដែលជាសាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Harvard បាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង ២ របស់ពិភពលោក សព្វថ្ងៃនេះកាន់តែមានទំនាក់ទំនងអាក្រក់ទៅៗ ហើយនៅចុងបញ្ចប់វាដូចជាយុទ្ធសាស្ត្រ «ចាញ់-ចាញ់» សម្រាប់ពួកគេទាំងសងខាង។ លោកសាស្រ្តាចារ្យបានថ្លែងបែបនេះគឺវាស្របទៅតាមការពិតដែលថា ទំនាក់ទំនងរវាងប្រទេសទាំង ២ គឺកាន់តែមានភាពល្អក់កករនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងការចោទគ្នាទៅវិញទៅមក ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺ COVID-19។

សាស្រ្តាចារ្យលោក Graham Allison ដែលជាអតីតជំនួយការលេខាធិការក្រសួងការពារជាតិជំនាន់លោក Bill Clinton និងជាទីប្រឹក្សាពិសេសរបស់លេខាធិការក្រសួងការពារជាតិជំនាន់លោក Ronald Reagan បានមានប្រសាសន៍ថា៖«ខ្ញុំគិតថាបញ្ហានេះនឹងកាន់តែអាក្រក់ទៅៗ ហើយខ្ញុំសង្ឃឹមថាពួកគេនឹងមិនបង្កការខូចខាតជាអចិន្ត្រៃយ៍ឡើយ»។ លោកពន្យល់ថា ការប្រជែងគ្នារវាងប្រទេសមហាអំណាចយក្សទាំង២ និងការចោទគ្នាជុំវិញករណីជំងឺ COVID-19 មិនអាចឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មជាជំហានរបស់ពួកគេអាចសម្រេចទៅបានឡើយ ហើយវីរុសរាតត្បាតជាសកលនេះផ្ទាល់ក៏កំពុងរំខានសេដ្ឋកិច្ចរបស់ប្រទេសទាំងសងខាង ក៏ដូចជាសកលលោកទាំងមូល។

អ្នកវិភាគផ្សេងទៀតក៏បានព្រមានដែរថា ការកើនឡើងនូវភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន អាចនាំឱ្យមានសង្គ្រាមត្រជាក់។ ក្នុងនោះផងដែរលោក Cheng Li អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Brookings ក៏បាននិយាយដែរថា ប្រទេសទាំង២ គ្មានមួយណាដែលត្រៀមខ្លួនសម្រាប់រឿងនេះទេ ហើយក៏រកមិនឃើញអ្នកឈ្នះនោះដែរនៅចុងបញ្ចប់ ដូច្នេះហើយសង្រ្គាមនេះគួរតែនិងត្រូវតែការពារកុំឱ្យកើតឡើងបាន៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC