ថៃគ្រោងផ្ដល់ការបញ្ចុះតម្លៃពី ៤០% ទៅ ៥០% លើថ្លៃស្នាក់នៅសម្រាប់ទេសចរក្នុងស្រុក ដើម្បីស្ដារ និងជម្រុញវិស័យទេសចរណ៍
សេដ្ឋកិច្ច May 26, 2020 Chan Sreyny

ថៃ៖ យោងតាមការលើកឡើងរបស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមលោក Thosaporn Sirisumphand បានឲ្យដឹងថា រដ្ឋាភិបាលកំពុងចាត់វិធានការជម្រុញវិស័យទេសចរណ៍ក្នុងស្រុកនៅក្នុងខែកក្កដា ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដែលរងការវាយប្រហារពីវីរុស Covid-19។

លោកបានបន្ថែមថា​ ក្នុងចំណោមការលើកទឹកចិត្តដែលអាចធ្វើទៅបានរបស់រដ្ឋាភិបាល គឺផ្ដល់ប័ណ្ណបញ្ចុះតម្លៃពី ៤០% ទៅ ៥០% លើតម្លៃបន្ទប់សណ្ឋាគារ ដោយអាចនឹងត្រូវបានចាប់ផ្ដើមនៅខែកក្កដា​ នៅពេលដែលរដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងដកការរឹតត្បិតនិងអនុញ្ញាតឱ្យមានការធ្វើដំណើរទូទាំងប្រទេស។

ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃផែនការដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលរង្គោះរង្គើតាមរយៈមូលនិធិវិបត្តិដែលមានទឹកប្រាក់ចំនួន ៤០០ ពាន់លានបាត ដែលផ្តោតលើការជំរុញសកម្មភាពមូលដ្ឋានរួមទាំងទេសចរណ៍។ ទោះជាយ៉ាងនេះក្ដី ប្រភពដដែលបានឲ្យដឹងបន្ថែមថា ទីភ្នាក់ងាររបស់រដ្ឋអាចស្នើផែនការគម្រោងទៅគណៈកម្មាធិការត្រួតពិនិត្យរដ្ឋាភិបាលនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ៕

ប្រភព៖ nationthailand
អត្ថបទ៖ លីនី