កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានគេប៉ាន់ស្មានថានឹងធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19 និងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលរបស់ខ្លួន។ នេះបើយោងតាមការបង្ហាញនៅក្នុងរបាយការណ៍ ធនាគារពិភពលោកស្តីពីកំណើន និងបំណុលរបស់ប្រទេសប្រចាំឆ្នាំ។
របាយការណ៍ដដែលបានឲ្យដឹងថា ជំងឺរាតត្បាតនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យផ្សេងៗនៃប្រទេសឡាវ ជាពិសេសវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងបញ្ញើសាច់ប្រាក់។ ដោយកំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវត្រូវបានព្យាករថានឹងធ្លាក់ចុះដល់ ១% នៅក្នុងសេណារីយ៉ូមូលដ្ឋាន និងអវិជ្ជមាន ១.៨% នៅក្នុងសេណារីយ៉ូដែលអាក្រក់ជាងនេះ។ ខណៈប្រជាជនបន្ថែមចន្លោះពី ៩៦,០០០នាក់ និង ២១៤,០០០ នាក់ត្រូវបានប៉ាន់ប្រមាណថាធ្លាក់ចូលក្នុងភាពក្រីក្រដែលជាលទ្ធផលនៃការរាតត្បាត។

ជាមួយគ្នានេះផលប៉ះពាល់នៃវីរុស Covid-19 ក៏ត្រូវបានគេព្យាករថានឹងបង្កើនឱនភាពសារពើពន្ធនៅឆ្នាំ២០២០ ដល់ចន្លោះពី ៧.៥% ទៅ ៨.៨% នៃផលិតផលក្នុងស្រុកពី ៥.១% ក្នុងឆ្នាំ ២០១៩។ ហេតុដូច្នេះកម្រិតបំណុលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ពី ៦៥% ទៅ ៦៨% នៃផលិតផលក្នុងស្រុកនៅឆ្នាំ២០២០ ពី ៥៩% នៅឆ្នាំ ២០១៩។ របាយការណ៍នេះក៏រាប់បញ្ចូលប្រធានបទស្តីពីការកសាងប្រព័ន្ធសុខភាពដែលរឹងមាំ ដោយភ័ស្តុតាងបង្ហាញថាប្រទេសឡាវចាំបាច់ត្រូវវិនិយោគបន្ថែមទៀតក្នុងការកសាងប្រព័ន្ធសុខភាពដែលមានភាពរឹងមាំជាងនេះ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះភាពអាសន្ននៃសុខភាព៕



ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


