វីរុសរាតត្បាតជាសកល COVID-19 បានបង្ខំឱ្យក្រុមហ៊ុនជាច្រើនចាប់យកដំណោះស្រាយឱ្យបុគ្គលិកធ្វើការងារពីផ្ទះជាបណ្ដោះអាសន្ន ប៉ុន្តែសម្រាប់ក្រុមហ៊ុនខ្លះការផ្លាស់ប្តូរនេះអាចនៅជាប់បានយូរ។ ជាក់ស្ដែងក្រុមហ៊ុនមួយចំនួនកំពុងគ្រោងនឹងអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីផ្ទះជាអចិន្ត្រៃយ៍ សូម្បីតែចប់ការរាតត្បាតនៃវីរុស COVID-19 ក៏ដោយ។ ក្រុមហ៊ុនទាំងនេះកំពុងតែធ្វើឱ្យការធ្វើការងារពីផ្ទះក្លាយជារឿងធម្មតា (the new normal) ដោយក្នុងនោះមានដូចជា៖
Facebook៖ លោក Mark Zuckerberg បាននិយាយថា លោកនឹងអនុញ្ញាឱ្យបុគ្គលិកក្រុមហ៊ុនរហូតដល់ទៅ ៥០% អាចធ្វើការពីផ្ទះបានក្នុងអំឡុងពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខនេះ ដោយលើកហេុតផលថា វាជាគំនិតល្អមួយដោយនឹងបំពេញបំណងប្រាថ្នាបុគ្គលិក និងជាការខិតខំដើម្បីបង្កើតវិបុលភាពនៃសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ។
Twitter (TWTR)៖ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យបុគ្គលិកមួយចំនួនរបស់ខ្លួនបន្តធ្វើការពីផ្ទះជារៀងរហូត ប្រសិនបើពួកគេចង់បានបែបហ្នឹង ដោយមើលឃើញបទពិសោធន៍នៃការធ្វើការពីផ្ទះអស់រយៈពេលជាច្រើនខែកន្លងមកនេះ។ Twitter និយាយថា ប្រសិនបើបុគ្គលិកចង់ធ្វើការពីផ្ទះរហូត ក្រុមហ៊ុននឹងអាចធ្វើឱ្យវាកើតឡើងបាន ហើយបើបុគ្គលិកចង់ត្រឡប់មកធ្វើការវិញ ក៏ពួកគេនឹងស្វាគមន៍បុគ្គលិកនោះ។

Square (SQ)៖ ក្រុមហ៊ុននេះក៏គ្រោងនឹងអនុញ្ញាតឱ្យបុគ្គលិកធ្វើការងារពីផ្ទះ នៅពេលដែលវីរុសរាតត្បាត COVID-19 បញ្ចប់ទៅវិញ។ Square ចង់ឱ្យបុគ្គលិកមានសេរីភាពធ្វើការ អាចធ្វើការពីគ្រប់កន្លែង និងជ្រើសយកបរិយាកាសដែលពួកគេចង់បាន។

Shopify៖ CEO ក្រុមហ៊ុនលោក Tobi Lutke បាននិយាយថា ពិភពលោកមានការប្រែប្រួល ហើយការងារក្នុងការិយាល័យត្រូវបញ្ចប់។ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់អាជីវកម្មខ្នាតតូចមួយនេះ នឹងបន្តបិទការិយាល័យរបស់ខ្លួនរហូតដល់ឆ្នាំ២០២១។ ឆ្នាំនេះ Shopify នឹងដំណើរការការរៀបចំរបស់វាឡើងវិញ ហើយក្រោយមកទៀតបុគ្គលិកភាគច្រើនរបស់ខ្លួននឹងអាចធ្វើការពីផ្ទះជាអចិន្ត្រៃយ៍។

Groupe PSA ៖ ក្រុមហ៊ុនផលិតរថយន្តបារាំង PSA បានប្រកាសពី “យុគសម័យនៃភាពរហ័សងាយស្រួលថ្មី” ដែលបុគ្គលិកមិនមែនក្រុមផលិតកម្មរបស់ខ្លួន អាចនឹងធ្វើការពីចម្ងាយចាប់ពីពេលនេះតទៅ។ ក្រុមហ៊ុនគ្រោងនឹងរៀបចំការិយាល័យរបស់ខ្លួនឡើងវិញដើម្បីអនុញ្ញាតឱ្យមានការសហការដោយផ្ទាល់នៅពេលចាំបាច់ ប៉ុន្តែ PSA នឹងកាត់បន្ថយទីតាំងការិយាល័យរបស់ខ្លួន។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យបុគ្គលិកមានតុល្យភាពជីវិតការងារល្អប្រសើរ និងងាយស្រួលក្នុងការធ្វើដំណើរ។

Box ៖ ក្រុមហ៊ុននៈនិយាយថា បុគ្គលិកប្រហែល ២,០០០ នាក់ របស់ខ្លួនអាចធ្វើការពីកន្លែងណាក៏បានរហូតដល់ចប់ឆ្នាំ២០២០។ មុនពេលមានការរាតត្បាតនៃវីរុស COVID-19 បុគ្គលិក ១៥% របស់ក្រុមហ៊ុន បានធ្វើការពីផ្ទះរួចជាស្រេចទៅហើយ ប៉ុន្តែតួលេខនឹងមានច្រើនជាងនេះទៀត។ ក្រុមហ៊ុនមិនអាចឱ្យធ្វើការពីផ្ទះទាំងស្រុងទេ ប៉ុន្តែនឹងធ្វើការបែបលាយគ្នានៅផ្ទះផង និងការិយាល័យផង (hybrid) ដោយនិយាយថា វាល្អដែលមានការិយាល័យ ដែលអាចឱ្យមានការជួបផ្ទាល់ ការណែនាំផ្ទាល់ បណ្ដាញការងារ និងការច្នៃប្រតិដ្ឋអាចកើតឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ CNN Business


