រដ្ឋាភិបាលជប៉ុននឹងផ្ដល់ប្រាក់ ៦៧ លានដុល្លារ ក្នុងការបង្កើតវ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ៩ គម្រោង
សេដ្ឋកិច្ច May 25, 2020 Chan Sreyny

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK កាលពីពេលថ្មីៗនេះ​បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងគាំទ្រដល់ការសិក្សាក្នុងស្រុកដើម្បីបង្កើតវ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ៩ គម្រោង ដោយនឹងឧបត្ថម្ភទឹកប្រាក់ចំនួន ៧.២ ពាន់លានយ៉េន ឬប្រហែល ៦៧ លានដុល្លារអាមេរិក។ ថវិកាដែលត្រូវចំណាយនេះ ជាផ្នែកមួយក្នុង​រង្វង់ទឹកប្រាក់ប្រមាណ ៩៣ លានដុល្លារដែលបានគ្រោងទុកសម្រាប់ថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។

ទន្ទឹមនឹងនេះដែរថវិកា ៦៧ លានដុល្លារអាមេរិកនេះត្រូវបានដាក់ចេញឡើងដើម្បីគាំទ្រដល់ការស្រាវជ្រាវមូលដ្ឋាន និងផ្នែកនៃការសាកល្បងព្យាបាលសម្រាប់វ៉ាក់សាំងពិសោធន៍ដែលមានរហូតដល់ទៅ ៩ គម្រោង។ យ៉ាងណាមិញគម្រោងបង្កើតវ៉ាក់សាំងទាំងនេះ ត្រូវបានជ្រើសរើស ដោយទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍន៍វេជ្ជសាស្រ្តជប៉ុន ខណៈគម្រោងវ៉ាក់សាំងចំនួន ៤ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ចំនួន ៤ផ្សេងទៀតបង្កើតដោយសាកលវិទ្យាល័យ និង ១ ទៀតបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ៕

ប្រភព៖ nhk
អត្ថបទ៖ លីនី