ការនាំចេញកង់ដែលបានតំឡើងនៅក្នុងប្រទេសកម្ពជាបានកើនឡើង ខណៈឧស្សាហកម្មកង់នៅជុំវិញពិភពលោកមានភាពច្របូកច្របល់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូីដ-១៩។ យោងតាមការចុះផ្សាយរបស់ស្ថានីយ៍ BTV បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកង់ចំនួន ៤៩៨,០០០ គ្រឿងដែលមានតម្លៃប្រហែល ១១៩ លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាចំនួន ១០ លានដុល្លារបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក លឹម ហេង អនុប្រធាសភាពាណិជ្ជកម្មបានមានប្រសាសន៍ថា ការនាំចេញកង់ដែលតំឡើងរួចនៅក្នុងស្រុកអាចទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះបញ្ហាការធ្វើដំណើរ និងសុខភាពដែលបង្ខំឱ្យប្រជាជនពិចារណាឡើងវិញនូវមធ្យោបាយធ្វើដំណើរចម្បងរបស់ពួកគេ។ លោកបានបន្តថា ការនាំចេញកង់ត្រូវបានរំពឺងថា នឹងបន្តកើនឡើងនៅក្នុងត្រីមាសទី២ នៅពេលដែលប្រជាជនក្នុងតំបន់នៅតែជៀសវាងការដឹកជញ្ជូនសាធារណៈនិងត្រូវការប្រើប្រាស់កង់ដើម្បីហាត់ប្រាណ។ បន្ថែមពីនេះលោកបានគូសបញ្ជាក់ថា ពេលនេះគឺជាឱកាសវិនិយោគលើការតំឡើងកង់នៅកម្ពុជាដើម្បីនាំចេញ។

យោងតាមអ្នកស្រាវជ្រាវសេដ្ឋកិច្ចរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ហុង វណ្ណៈ ទោះបីជាការបញ្ជាទិញមួយចំនួនត្រូវបានលុបចោលក្នុងរយៈពេល៣ ខែដំបូងនៃឆ្នាំនេះដោយសារជំងឺរាតត្បាតក៏ដោយ ក៏ការនាំចេញកង់នៅកម្ពុជានៅតែជាចំណុចមួយដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ខណៈរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថាប្រទេសកម្ពុជាបាននាំចេញកង់សរុបចំនួន ១.៥២ លានគ្រឿងទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ ២០១៨ ដែលទទួលបានទឹកប្រាក់ចំនួន ៣៣១ លានដុល្លារអាមេរិក៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


