ក្រុមហ៊ុនជប៉ុនចំនួន ២ បានបង្ហាញចំណាប់អារម្មណ៍ និងមានបំណងចង់វិនិយោគលើវិស័យដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យមួយនេះកំពុងតែវិវិត្តន៍ទៅរកភាពរីកចម្រើនជាលំដាប់។ គោលបំណងនេះត្រូវបានលើកឡើងនាជំនួបពិភាក្សាការងារកាលព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ រវាងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដោយថ្នាក់ដឹកនាំនៃនាយកដ្ឋានជំនាញ និងសហការី និងតំណាងក្រុមហ៊ុនឯកជនចំនួន០២មកពីប្រទេសជប៉ុនគឺក្រុមហ៊ុន NIPPON Express និង ក្រុមហ៊ុន Yamato Green។
ថ្លែងនៅក្នុងជំនួបនោះលោកបណ្ឌិត Nabeshima Katsuhito នាយកក្រុមហ៊ុន Yamato Green និងសហការី បានជម្រាបជូនឯកឧត្តមប្រតិភូដោយសង្ខេបអំពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍លើដំណាំបន្លែ និងផ្លែឈើ ដោយរាប់ចាប់តាំងពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស។

លោកបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ គម្រោងខាងលើបានចេញជារូបរាងហើយ ប៉ុន្តែការងារដែលក្រុមហ៊ុនរបស់លោកត្រូវអនុវត្តបន្ទាប់គឺកិច្ចសហការ និងការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ដើម្បីឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងជោគជ័យ។

ឆ្លើយតបទៅនឹងការលើកឡើងនេះ ឯកឧត្តមប្រតិភូ បានសំដែងការរីករាយ និងគាំទ្រពេញទំហឹងលើការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរក្នុងការអភិវឌ្ឍដំណាំបន្លែ និងផ្លែឈើនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះពិតជាឆ្លើយតបចំទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវិស័យសាកវប្បកម្មឱ្យមានការរីកចម្រើន។ អគ្គនាយកដ្ឋានកសិកម្ម បានយល់ច្បាស់អំពីបញ្ហាប្រឈមនៃអនុវិស័យសាកវប្បកម្ម ដោយពេលកន្លងការកែច្នៃកសិផលក្នុងអនុវិស័យនេះនៅខ្វះខាតនៅឡើយ។

បន្ថែមពីនេះឯកឧត្តមប្រតិភូជឿជាក់ថា ការរួមសហការវិនិយោគរវាងក្រុមហ៊ុនធំទាំងពីរខាងលើ នឹងអាចទាក់ទាញក្រុមហ៊ុនឯកជនផ្សេងៗទៀតឱ្យមានចំណាប់អារម្មណ៍ និងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាបន្តបន្ទាប់។ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ជារួមគឺការកាត់បន្ថយការនាំចូលបន្លែនិងផ្លែឈើពីប្រទេសក្រៅ កសិករនិងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃបន្លែនិងផ្លែឈើនឹងទទួលបានចំណូលច្រើនឡើង ការនាំចេញផលិតផល (ជាពិសេសកសិផលកែច្នៃនិងវេចខ្ចប់) នឹងមានការកើនឡើងឈានដល់ការរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ច៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ


