យោងតាមការស្ទង់មតិដោយសភាពាណិជ្ជកម្ម Dubai បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍រំពឹងថា អាជីវកម្មចំនួន ៧០% នៅក្នុងទីក្រុង Dubai នឹងបិទទ្វាររបស់ខ្លួនក្នុងរយៈ ៦ខែទៀត ដោយសារការរីករាលដាលនៃមេរោគឆ្លងវីរុស Covid-19 និងការបិទទ្វារប្រទេសនៅទូទាំងពិភពលោក។
សភាពាណិជ្ជកម្មបានស្ទាបស្ទង់មតិជាមួយនឹងនាយកប្រតិបត្តិចំនួន ១,២២៨ នាក់នៅតាមក្រុមហ៊ុន និងអាជីវកម្មជាច្រើនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមេសាក្នុងកំឡុងពេលនៃការចាក់សោរយ៉ាងតឹងរ៉ឹងបំផុតរបស់ប្រទេស។ ជាលទ្ធផលជិត ៣ ភាគ ៤ នៃអ្នកដែលត្រូវបានស្ទង់មតិ គឺជាអាជីវកម្មខ្នាតតូចដែលមានបុគ្គលិកតិចជាង ២០ នាក់។ ក្នុងចំណោមអ្នកឆ្លើយសំណួរច្រើនជាង ២ ភាគ ៣ ឃើញថា មានហានិភ័យពីមធ្យមទៅខ្ពស់ក្នុងការចេញបើកប្រតិបត្តិការអាជីវម្មក្នុងរយៈពេល ៦ ខែខាងមុខ៖ ២៧% បាននិយាយថាពួកគេរំពឹងថានឹងបាត់បង់អាជីវកម្មរបស់ពួកគេនៅខែក្រោយ ហើយ ៤៣% រំពឹងថានឹងបិទអាជីវកម្មក្នុងរយៈពេល ៦ខែទៀត។

Dubai ទីក្រុងដែលមានសេដ្ឋកិច្ចឯករាជ្យក្រៅពីពឹងផ្អែកលើវិស័យប្រេងរបស់ខ្លួនច្រើនបំផុតនៅឈូងសមុទ្រ ក៏ពឹងផ្អែកលើវិស័យជាច្រើនដូចជា បដិសណ្ឋារកិច្ច ទេសចរណ៍ ការកំសាន្ត ភស្តុភារ អចលនទ្រព្យ និងការលក់រាយ។ សណ្ឋាគារនិងភោជនីយដ្ឋានរបស់ប្រទេសនេះត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែស្ទើរតែពាក់កណ្តាលនៃភោជនីយដ្ឋាន និងសណ្ឋាគារដែលត្រូវបានស្ទាបស្ទង់រំពឹងថានឹងឈប់ធ្វើជំនួញនៅខែក្រោយ។ ខណៈក្រុមហ៊ុនទេសចរណ៍ប្រមាណ ៧៤% បាននិយាយថាពួកគេរំពឹងថានឹងបញ្ចប់ជំនួញក្នុងពេលដូចគ្នា ហើយ ៣០% នៃក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូន វិស័យផ្គត់ផ្គង់ និងទំនាក់ទំនងក៏រំពឹងថានឹងមានជោគវាសនាដូចគ្នា។

គួរបញ្ជាក់ផងដែរថា អារ៉ាប់រួមទើបតែមានចំនួនជាង ២៦,០០០ ករណីដែលត្រូវបានបញ្ជាក់ថាមានផ្ទុកមេរោគឆ្លង Covid-19 ហើយមាន ២៣៣ នាក់បានស្លាប់គិតត្រឹមថ្ងៃព្រហស្បតិ៍។ ទីក្រុង Dubai ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រទេសបានដាក់បម្រាម ២៤ ម៉ោងយ៉ាងតឹងរ៉ឹងទៅលើប្រជាជនចំនួន ៣.៣ លាននាក់ក្នុងរយៈពេលប្រហែល ៣ សប្តាហ៍ដោយចាប់ផ្តើមនៅដើមខែមេសា។

ទន្ទឹមនឹងនេះដែរ កាលពីចុងខែមីនារដ្ឋាភិបាលទីក្រុង Dubai បានប្រកាសកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ៤០៨ លានដុល្លារ ក្នុងគោលបំណងជួយបង្កើនសាច់ប្រាក់ងាយស្រួល និងជួយទប់ស្កាត់ការបិទទ្វារដែលរួមមានការទូទាត់ថ្លៃសេវា និងការកាត់បន្ថយថ្លៃដើមនៃការរស់នៅ។ ខណៈទីក្រុង Abu Dhabi នៅក្នុងខែមីនា បានប្រកាសផែនការជួយសង្គ្រោះបន្ទាន់ចំនួន ២៧ ពាន់លានដុល្លារដើម្បីជួយដល់អាជីវកម្ម និងធនាគារក្នុងវិស័យឯកជន៕
ប្រភព៖ cnbc
អត្ថបទ៖ លីនី


