ព្រឹទ្ធសភាអាមេរិកអនុម័តសេចក្ដីព្រាងច្បាប់មួយ ដែលអាចប្លុកក្រុមហ៊ុនចិនមិនឱ្យមានលើទីផ្សារហ៊ុនអាមេរិកនោះទេ
សេដ្ឋកិច្ច May 21, 2020 Khmernote

ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់កាលពីថ្ងៃពុធ ដែលអាចរារាំងក្រុមហ៊ុនចិនមួយចំនួនពីទីផ្សារភាគហ៊ុនរបស់អាមេរិក លើកលែងតែពួកគេអនុវត្តតាមស្តង់ដារសម្រាប់ការធ្វើសវនកម្ម និងបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក។ វិធានការណ៍នេះឧបត្ថម្ភដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក John Kennedy និងសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Chris Van Hollen បានអនុម័តដោយការយល់ព្រមជាឯកច្ឆន្ទ។ ទោះយ៉ាងណាក៏ដោយវាត្រូវតែឆ្លងកាត់សភាតំណាងរាស្ត្រមួយតង់ទៀត ហើយត្រូវចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីក្លាយជាច្បាប់ពេញលេញ។

ច្បាប់ “The Holding Foreign Companies Accountable Act” នឹងរារាំងក្រុមហ៊ុនណាមួយពីការចុះបញ្ជីនៅទីផ្សារមូលបត្រសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុនទាំងនោះមិនបានអនុវត្តតាមស្តង់ដារអាមេរិកសម្រាប់ការធ្វើសវនកម្ម និងបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាសហរដ្ឋអាមេរិករយៈពេល ៣ឆ្នាំ ជាប់ៗគ្នា។ វិធានការណ៍នេះក៏នឹងតម្រូវឱ្យក្រុមហ៊ុនសាធារណៈបង្ហាញថា តើពួកគេជាម្ចាស់កម្មសិទ្ធិ ឬគ្រប់គ្រងដោយរដ្ឋាភិបាលបរទេសដែរឬទេ? ច្បាប់នេះការពិតទៅត្រូវបានស្នើដើម្បីអនុវត្តចំពោះក្រុមហ៊ុនបរទេសទាំងអស់ ប៉ុន្តែអាមេរិកចង់ផ្តោតលើប្រទេសចិនខ្លាំងជាងគេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ