អាមេរិកបោះលុយឱ្យក្រុមហ៊ុន AstraZeneca ចំនួន ១ពាន់លានដុល្លារ សម្រាប់ការធ្វើតេស្ដវ៉ាក់សាំងជំងឺ​ COVID-19 នៅឯសាកលវិទ្យាល័យ Oxford
សេដ្ឋកិច្ច May 21, 2020 Khmernote

ក្រុមហ៊ុន AstraZeneca បានទទួលថវិកាជាង ១ពាន់លានដុល្លារ ពីអាជ្ញាធរស្រាវជ្រាវនិងអភិវឌ្ឍន៍ជីវវេជ្ជសាស្រ្ត (BARDA) របស់ក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីបង្កើតវ៉ាក់សាំងការពារ COVID-19 នៅឯសាកលវិទ្យាល័យ Oxford ។ ក្រុមហ៊ុនឱសថរបស់អង់គ្លេស-ស៊ុយអ៊ែតមួយនេះ បានយល់ព្រមផ្គត់ផ្គង់វ៉ាក់សាំងចំនួន ៤០០លាន ហើយធ្វើការចែកចាយវ៉ាក់សាំងដំបូងនៅខែកញ្ញាខាងមុខនេះ។ កម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងរបស់ AstraZeneca រួមបញ្ចូលទាំងការសាកល្បងព្យាបាលដំណាក់កាលទី៣ ដែលមានអ្នកចូលរួម ៣០,០០០នាក់ និងការសាកល្បងលើកុមារផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីផលិតវ៉ាក់សាំង និងមានដាក់ប្រើប្រាស់ឱ្យបានលឿនបំផុត។ កាលពីថ្ងៃអាទិត្យកន្លងទៅរដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសថា ខ្លួននឹងផ្តល់ថវិកាចំនួន ៦៥.៥ លានផោន (៧៩លានដុល្លារ) ដល់ការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយរំពឹងថាវ៉ាក់សាំងចំនួន ៣០លាន នឹងចេញប្រើប្រាស់នៅដើមខែកញ្ញា។

ចំណែកសាកលវិទ្យាល័យ Oxford ក៏បានប្រកាសពីការចាប់ដៃគ្នាជាមួយ AstraZeneca កាលពីខែមេសាផងដែរ ដើម្បីឱ្យក្រុមហ៊ុនផលិតថ្នាំមួយនេះ អាចផលិតថ្នាំចេញពីការស្រាវជ្រាវរបស់វិទ្យាស្ថាន Jenner និងក្រុមស្រាវជ្រាវវ៉ាក់សាំង Oxford នៃសាកលវិទ្យាល័យ Oxford ៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC