ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងសាងសង់ផ្លូវអាកាសថ្មើរជើង មួយកន្លែងកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារត្រាំខ្នា
សេដ្ឋកិច្ច May 21, 2020 Chan Sreyny

ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងសាងសង់ផ្លូវអាកាសថ្មើរជើងមួយកន្លែងកាត់ផ្លូវជាតិលេខ៣ ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងស្ពានអាកាសថ្មើរជើងរំលងផ្លូវជាតិលេខ៣នេះ នឹងត្រូវសាងសង់ឡើងនៅត្រង់ចំណុចផ្សារត្រាំខ្នា។

ថ្លែងក្នុងឱកាសចុះពិនិត្យគុណភាពលើការសាងសង់ផ្លូវជាតិលេខ៣ ពីផ្លូវបំបែកចោមចៅរាជធានីភ្នំពេញ ដល់ខេត្តកំពត នាថ្ងៃទី២១ ខែឧសភានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំណុចនៅម្តុំផ្សារត្រាំខ្នានេះ ទទឹងផ្លូវជាតិមានប្រវែងរហូតដល់ ២៤.៥ម៉ែត្រ ដែលបង្កផលវិបាកដល់ប្រជាពលរដ្ឋដើរឆ្លងកាត់ ដូច្នេះហើយទើបតម្រូវឲ្យមានការសាងសង់ស្ពានអាកាសនេះឡើង។ ទន្ទឹមនឹងនេះឯកឧត្តម ក៏បានជំរុញឲ្យក្រុមហ៊ុនទទួលម៉ៅការអភិវឌ្ឍន៍ផ្លូវជាតិលេខ៣ នេះដាក់គំនូសរលក ឬរំញ័រនៅលើដងផ្លូវទាំងទៅទាំងមកមុន ១០០ទៅ ២០០ម៉ែត្រ នៃទីប្រជុំជនផ្សារត្រាំខ្នា និងសាលារៀន ដើម្បីពញាក់អ្នកបើកបរឲ្យបន្ថយល្បឿន ទន្ទឹមគ្នានឹងការកាម៉េរាចាំវាស់ល្បឿនលើសកំណត់ តាមបណ្តោយផ្លូវជាតិលេខ៣ ដែលមានរហូតដល់ជាង ១០កន្លែង។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា គម្រោងធ្វើឲ្យល្អប្រសើរឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញទៅខេត្តកំពត នឹងចប់រួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០២១ ខណៈក្នុងគម្រោងសាងសង់រហូតដល់ខែកញ្ញាឆ្នាំ២០២២។ ផ្លូវជាតិលេខ៣នេះ មានប្រវែងសរុប ១៣៤.៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩ គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស(ទទឹង២៤.៥ម៉ែត្រ) ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ២ទៅ២មក មានសួនច្បារកណ្តាល និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពតប្រវែង ៦៥.៧៩៦គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង ១ទៅ១មក ដោយសារទទឹងផ្លូវមានតែ ១២ម៉ែត្រ និងក្រាលបេតុងកៅស៊ូ ACកម្រាស់៧០មីលីម៉ែត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន