រដ្ឋាភិបាលអាមេរិកនឹងផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ៧.៥ លានដុល្លារដល់កម្ពុជាសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ហិរញ្ញប្បទានឥតសំណងនេះត្រូវបានប្រកាសនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Patrick Murphy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីប្រកាសនោះ ឯកឧត្តម Patrick Murphy បានជម្រាបជូនថា ក្នុងហិរញ្ញប្បទានឥតសំណងចំនួន ៧.៥ លានដុល្លារ ថវិកាចំនួន ៥លានដុល្លារសម្រាប់ការស្ដារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២.៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការពារសុខមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ជាមួយគ្នានេះដែរហិរញ្ញប្បទាននេះ នឹងត្រូវប្រើប្រាស់ក្នុងរយៈពេលខ្លីក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលរងប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ហើយដោយឡែកក្នុងរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញការងារឡើងវិញដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការចាប់ផ្តើមមានឡើងនូវការរាតត្បាតនៃមេរោគនេះ សហរដ្ឋអាមេរិកបានផ្តល់ប្រាក់សរុបចំនួនជាង ៣.៥ លានដុល្លាអាមេរិក ដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា៕


អត្ថបទ៖ លីនី


