ចំនួនអ្នកទេសចរបរទេសមកកាន់ប្រទេសជប៉ុនបានធ្លាក់ចុះ ៩៩.៩% ក្នុងខែមេសា (ធៀបនឹងមួយឆ្នាំមុន) ដោយសារតែជំងឺរាតត្បាត COVID-19 បានបង្អាក់ទេសចរណ៍របស់ប្រទេសមួយនេះ។ អង្គការទេសចរណ៍ជាតិជប៉ុនប៉ាន់ស្មានថា មានតែជនបរទេសចំនួន ២,៩០០ នាក់ប៉ុណ្ណោះ ដែលបានចូលមកទស្សនាជប៉ុនកាលពីខែមុន។ តួលេខនេះបង្ហាញពីការធ្លាក់ចុះប្រចាំខែ ៧ដង ជាប់ៗគ្នា និងជាអត្រាទាបបំផុត ចាប់តាំងពីរដ្ឋាភិបាលបានចាប់ផ្តើមរក្សាទុកទិន្នន័យក្នុងឆ្នាំ១៩៦៤ ដែលកាលនោះគឺជាឆ្នាំនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។
វាក៏ជាលើកទី១ផងដែរ ដែលចំនួនអ្នកទេសចរសរុបប្រចាំខែបានធ្លាក់ចុះក្រោម ១០,០០០នាក់។ ក្នុងនោះមានភ្ញៀវទេសចរប្រមាណ ៣០០នាក់ មកពីប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក និង ២០០នាក់ទៀត មកពីប្រទេសចិន និងវៀតណាម។ មានភ្ញៀវទេសចរតិចជាង ១០នាក់ មកពីប្រទេសអាឡឺម៉ង់ អ៉ីតាលី និងសិង្ហបុរី។
បច្ចុប្បន្នប្រទេសជប៉ុនហាមឃាត់ការចូលរបស់ពលរដ្ឋនៃប្រទេសនិងដែនដីចំនួន ១០០ ដែលជាផ្នែកមួយនៃវិធានការណ៍របស់ខ្លួន ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 ហើយវាក៏ជាមូលហេតុដែលចំនួនអ្នកទេសចរធ្លាក់ចុះ។ រដ្ឋាភិបាលក៏កំពុងស្នើសុំឱ្យអ្នកធ្វើដំណើរចូលទាំងអស់រួមទាំងជនជាតិជប៉ុនខ្លួនឯង ឱ្យនៅដាច់ដោយឡែកពីរសប្តាហ៍បន្ទាប់ពីបានមកដល់ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK


