ចិនកំពុងស្តុកស្បៀង និងប្រេងសម្រាប់ប្រើប្រាស់រយៈពេលវែង ដោយភ័យខ្លាចថាការនៅតែបន្តរីករាលដាលរបស់វីរុស Covid-19 នឹងធ្វើឲ្យមានកង្វះខាត
សេដ្ឋកិច្ច May 20, 2020 Chan Sreyny

ប្រទេសចិនបាននឹងកំពុងបង្កើនស្តុកស្បៀង និងថាមពលរបស់ខ្លួននៅឆ្នាំនេះ ដោយទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះតម្លៃប្រេងឆៅ តាំងពីមុនពេលមានជំងឺរាតត្បាត Covid-19 រីករាលដាលប៉ះពាល់ដល់ការផ្គត់ផ្គង់។ សេដ្ឋកិច្ចធំទី២ របស់ពិភពលោកដែលមានផ្ទៃដីដាំដុះមានកំណត់ កំពុងប្រឈមនឹងសម្ពាធក្នុងការបង្កើនការផ្គត់ផ្គង់ស្បៀងអាហារ ខណៈតម្លៃអាហារចាប់ផ្ដើមឡើងខ្ពស់កាលពីឆ្នាំមុន មុនការផ្ទុះឡើងនៃវីរុស។

ជាមួយគ្នានេះដែរការបិទប្រទេស និងការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ បានបង្កឲ្យមានការរាំងស្ទះដល់ការដឹកជញ្ជូន ហើយការរាំងស្ទះទាំងនោះបានបង្ហាញពីភាពងាយរងគ្រោះនៃបណ្តាញផ្គត់ផ្គង់ពិភពលោកហើយការភ័យខ្លាចនៃកង្វះខាតស្បៀងអាហារបានឈានមុខគេនៅក្នុងប្រទេសទាំងនៅក្នុងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍនិងកំពុងរីកចម្រើន។ ជាក់ស្ដែងអ្នកប្រើប្រាស់នៅប្រទេសចិននៅតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ ដោយសាតែវីរុសនៅតែបន្តរីករាលដាលពាសពេញពិភពលោក។

លោក Arlan Suderman ប្រធានសេដ្ឋវិទូខាងទំនិញនៃក្រុមហ៊ុន INTL FCStone បាននិយាយនៅក្នុងគេហទំព័រ tweeter ថា «ប្រជាជននៅប្រទេសចិនមានការភ័យខ្លាចថាវីរុស Covid-19 នេះ នឹងបិទកំពង់ផែរបស់ពិភពលោកដែលធ្វើឱ្យពួកគេមិនអាចនាំចូលទំនិញបាន។ ដូចនេះពួកគេកំពុងបង្កើនការផ្គត់ផ្គង់ ខណៈពេលដែលទំនិញមានតម្លៃថោក និងមានច្រើន »។

យ៉ាងណាមិញក្នុងពេលបច្ចុប្បន្នប្រទេសបានគិតគូរទៅលើការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលមុនគេ ដែលជារឿងចាំបាច់និងត្រូវការបំផុត ខណៈប្រទេសចិនគឺជាអ្នកបរិភោគសាច់ជ្រូកធំជាងគេបំផុតនៅលើពិភពលោក ហើយក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ការនាំចូលសាច់នៅក្នុងប្រទេសចិនបានកើនឡើង ៨២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ស្របគ្នានេះដែរតម្លៃសាច់ជ្រូកបានកើនឡើងជិត ៩៧% នៅក្នុងខែមេសាតាំងពីដើមឆ្នាំ ២០១៩ ដោយសារការរីករាលដាលនៃជំងឺផ្ដាសាយជ្រូកនៅអាហ្រ្វិក។

ចំពោះអង្ករវិញប្រទេសចិន គឺជាអ្នកផលិតគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ពិភពលោកដោយការផ្គត់ផ្គង់ភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងស្រុក។ ប៉ុន្តែទោះយ៉ាងណាក្តីកង្វល់អំពីសន្តិសុខស្បៀងនៃគ្រាប់ធញ្ញជាតិបានធ្វើឱ្យមានការទិញ និងធ្វើឱ្យរដ្ឋព្រួយបារម្ភដើម្បីទទួលបានស្តុកបន្ថែមពីទីផ្សារសម្រាប់បំរុងជាតិរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានចិនបានរាយការណ៍ថា នៅក្នុងខែមេសាអាជ្ញាធរចិនបានធានាដល់ប្រជាជនថាខ្លួនកំពុងបង្កើនការទិញស្រូវរបស់រដ្ឋហើយស្តុកបានគ្រប់គ្រាន់។

ជាមួយគ្នានេះប្រភពដដែលបានបង្ហាញថា ប្រទេសចិនបាននិងកំពុងបង្កើនស្តុកប្រេងឆៅរបស់ខ្លួនហើយបានបន្តការទិញប្រេងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះ។ ទោះបីការនាំចូលប្រេងឆៅបានធ្លាក់ចុះកាលពីខែមេសាបើធៀបនឹងឆ្នាំមុនក្តី ក៏នៅតែកើនឡើងពីខែមីនាដែរ។ ដោយប្រទេសចិនត្រូវបានគេរំពឹងថានឹងបន្តនាំចូលប្រេងឆៅដើម្បីបំពេញការបម្រុងទុករបស់ខ្លួនដោយទាញយកអត្ថប្រយោជន៍ពីតម្លៃប្រេងទាប៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី