នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qantas Airways លោក Alan Joyce បាននិយាយនៅថ្ងៃអង្គារថា ក្រុមហ៊ុន Qantas Airways Ltd អាចដំណើរការហោះហើរក្នុងស្រុករបស់ខ្លួនបាន ៤០-៥០% ត្រឹមខែកក្កដាខាងមុខ ប្រសិនបើរដ្ឋនានាបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ហើយពួកគេរំពឹងថានឹងផ្តល់ជូននូវតម្លៃទាប និងងាយស្រួលដោយគ្មានវិធានការណ៍រក្សាគម្លាតនោះទេដើម្បីជំរុញតម្រូវការធ្វើដំណើរ។ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងដាក់ចេញនូវវិធានការណ៍នៅលើយន្តហោះចាប់ពីថ្ងៃទី១២ ខែមិថុនា ដូចជាការផ្តល់ម៉ាស់និងក្រដាសសើមជូតដៃ ដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្តៅដល់អ្នកដំណើរ ប៉ុន្តែក្រុមហ៊ុននឹងមិនទុកកៅអីកណ្តាលឱ្យនៅទំនេរឡើយ។
លោកបាននិយាយថា ដើម្បីបំពេញតាមស្តង់ដារអូស្ត្រាលីសម្រាប់ការរក្សាគម្លាត ១.៥ ម៉ែត្រ យន្តហោះ Airbus SE A320 ដំណើរការដោយក្រុមហ៊ុន Jetstar (បុត្រសម្ព័ន្ធរបស់ Qantas) អាចបំពេញបានត្រឹមតែ ២២ កៅអីប៉ុណ្ណោះ ដែលកន្លែងធម្មតាគឺ ១៨០កៅអី។ លោកបាននិយាយថា ការរក្សារគម្លាតនៅលើយន្តហោះគឺគ្មានប្រសិទ្ធភាព ហើយហានិភ័យឆ្លងជំងឺ COVID-19 នៅលើយន្ដហោះគឺមានកម្រិតទាបបំផុត។ ប្រសិនបើអនុវត្តការរក្សារគម្លាតលើយន្តហោះ វានឹងមិនស៉ីគ្នាជាមួយសេដ្ឋកិច្ចនោះទេ។ ផ្ទុយទៅវិញក្រុមហ៊ុន Qantas នឹងជួយសម្រួលដល់ការធ្វើដំណើរ បង្កើនការសម្អាតយន្ដហោះ និងស្នើឱ្យអ្នកដំណើរកំណត់ការធ្វើចលនាជុំវិញកាប៊ីននៅពេលអង្គុយជាដើម៕


អត្ថបទ៖ លីដា
ប្រភព៖ Nikkei


