ចាប់តាំងពីឆ្នាំ១៩៦០ មក អាស៊ីបានក្លាយជាតំបន់រោងចក្រកាត់ដេរពិភពលោក ដោយបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងកាបូបដែលមានតម្លៃប្រហែល ៦៧០ ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់ទ្វីបអឺរ៉ុបសហរដ្ឋ អាមេរិក និងបណ្តាប្រទេសនៅអាស៊ីដែលមានសេដ្ឋកិច្ចធំៗ។ ប៉ុន្តែឧស្សាហកម្មដែលជាបង្គោលសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ កំពុងត្រូវបានរាំងស្ទះឲ្យនៅស្ងៀមទ្រឹង ដោយសារវីរុសកូរ៉ូណា ដែលធ្វើឲ្យកម្មករក្នុងវិស័យនេះរាប់រយលាននាក់ត្រូវធ្លាក់ក្នុងវិបត្តសេដ្ឋកិច្ច។
ជាក់ស្ដែងបន្ទាប់ពីហាងដែលមិនចាំបាច់ត្រូវបានបិទនៅក្នុងប្រទេសជាច្រើន ហើយប្រជាជនត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះដើម្បីការពារការរីករាលដាលនៃជំងឺនេះបន្ថែមទៀត អ្នកលក់រាយអន្តរជាតិធំៗដូចជា ASOS Plc និង New Look បានលុបចោលការបញ្ជាទិញជាមួយអ្នកផលិតសម្លៀកបំពាក់។ ក្នុងនោះម្ចាស់រោងចក្រនៅមីយ៉ាន់ម៉ា បង់ក្លាដែស និងកម្ពុជាបានបិទទ្វាររោងចក្ររាប់ពាន់ ហើយកម្មករខ្លះក៏ទទួលបានប្រាក់ឈ្នួលតិចតួច និងខ្លះទៀតមិនទទួលបានតែម្ដង។

យោងតាមសមាគមរោងចក្រកាត់ដេរបានឱ្យដឹងថា ដើម្បីបញ្ចប់ការបញ្ជាទិញដែលមិនទាន់សម្រេច ប្រហែលពាក់កណ្តាលនៃរោងចក្រកាត់ដេរចំនួន ៤០០០ របស់ប្រទេសបង់ក្លាដែសបានបើកដំណើរការជាថ្មី។ ដោយឡែករោងចក្រប្រមាណជា ១៥០ ក្នុងចំណោម ៦០០ របស់ប្រទេសមីយ៉ាន់ម៉ាបានបិទទ្វារ ខណៈដែល ២០០ ក្នុងចំនោម ៦០០ ឬ ច្រើនជាងនេះនៅប្រទេសកម្ពុជាក៏ត្រូវបានបិទទ្វារផងដែរ។

ទោះជាយ៉ាងនេះក្ដីការបញ្ជាទិញមួយចំនួនត្រូវបានត្រឡប់មកវិញ ដោយអ្នកលក់រាយស៊ុយអ៊ែត H&M បាននិយាយថា ខ្លួនបានផ្អាកការបញ្ជាទិញតែពីរសប្តាហ៍ប៉ុណ្ណោះនៅពេលមានការផ្ទុះឡើងនៃវីរុស Covid-19។ ខណៈក្រុមហ៊ុនលក់រាយធំបំផុតនៅលើពិភពលោករបស់អាមេរិកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Walmart Inc បាននិយាយថា ខ្លួនបានដាក់ការបញ្ជាទិញថ្មីជាមួយក្រុមហ៊ុនផលិតនៅអាស៊ីកាលពីខែមុនផងដែរ។

គួរបញ្ជាក់ផងដែរថា វិស័យកាត់ដេរ ជាវិស័យស្នូរមួយរបស់កម្ពុជាដែលទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យទេសចរណ៍ សេវាកម្ម និងការនាំចេញស្រូវអង្ករ។ ខណៈនៅប្រទេសបង់ក្លាដែសដែលជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំជាងគេទី២ នៅលើពិភពលោកនៅពីក្រោយប្រទេសចិនមានកម្មករចំនួន ៤.១ លាននាក់ឬ ២.៥% នៃប្រជាជនបានធ្វើការនៅក្នុងរោងចក្រកាត់ដេរ។ ហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ាឧស្សាហកម្មកាត់ដេរ គឺជាវិស័យដែលរីកលូតលាស់លឿនបំផុតនៃសេដ្ឋកិច្ចដែលមានប្រហែល ១០% នៃការនាំចេញរបស់ប្រទេស និងផ្តល់ផ្លូវរត់គេចពីភាពក្រីក្រសម្រាប់ប្រជាជនរាប់សែននាក់ដែលភាគច្រើនជាជនចំណាកស្រុកមកពីជនបទ៕


ប្រភព៖ business-standard
អត្ថបទ៖ លីនី


