តម្លៃមាសបានលោតឡើងដលកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំ ចុងក្រោយនេះកាលពីម្សិលមិញដោយឈានដល់តម្លៃ ១,៧៦០ ដុល្លារក្នុងមួយអោន នេះដោយផ្អែកលើការការកត់សម្គាល់របស់ប្រធានធនាគារកណ្តាលអាមេរិកស្តីពីការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក និងការរាតត្បាត។ ជាមួយគ្នានេះតម្លៃមាសគិតជាប្រាក់ដុល្លារបានឡើងដល់ ១ ៧៦២.២៣ ក្នុងមួយអោន ខណៈតម្លៃមាសដុំបានគិតជាប្រាក់បាតបានឡើងដល់ ២៦,៦០០ បាតក្នុងទម្ងន់ ១បាត (ខ្នាតក្នុងប្រទេសថៃ) និងតម្លៃគ្រឿងអលង្ការមាស ឡើងដល់ ២៧,១០០ បាតក្នុង ១ទម្ងន់បាត។
ការកើនឡើងជាថ្មីម្ដងទៀតនេះ បានធ្វើឲ្យប្រជាជនថៃបានតម្រង់ជួរគ្នាយ៉ាងហូរហែនៅតាមដងផ្លូវ Yaowarat កាលពីម្សិលមិញដើម្បីលក់មាស និងគ្រឿងអលង្ការរបស់ពួកគេ។ ដោយកាលពីខែមេសាកន្លងមក ប្រជាជនធ្លាប់បានតម្រង់ជួរយ៉ាងវែងដើម្បីលក់មាសម្ដងរួចមកហើយដែលបង្កហានិភ័យយ៉ាងខ្លាំងដល់ហាងទិញ និងលក់មាសចំពោះវិបត្តិសាច់ប្រាក់សុទ្ធ។

លោក Tanarat Pasawongse នាយកប្រតិបត្តិក្រុមហ៊ុនធំមួយក្នុងប្រទេសថៃបាន និយាយថាការកត់សម្គាល់របស់ប្រធានធនាគារកណ្តាលអាមេរិក បង្ហាញថាការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចចំណាយពេលរហូតដល់ឆ្នាំក្រោយ
ដោយសារតែការរីករាលដាលនៃវីរុស Covid-19 បានបណ្តាលឱ្យវិនិយោគិនស្វែងរកសុវត្ថិភាពផ្ទាល់ខ្លួនជាជាងការប្រថុយវិនិយោគ។

លោកបានបន្តថា ទីផ្សារនៅតែមានការព្រួយបារម្ភថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអាចមានរយៈពេលយូរជាងការរំពឹងទុក និងកំពុងតាមដានការផ្ទុះឡើងនៃរលកទី ២ ដែលអាចកើតមាន។ ទន្ទឹមនឹងនេះភាពតានតឹងដែលកំពុងកើនឡើងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកជុំវិញការផ្ទុះឡើងនៃវីរុស កំពុងធ្វើឱ្យមានការភ័យខ្លាចឡើងវិញអំពីសង្គ្រាមពាណិជ្ជកម្ម។ ខណៈលោកបានលើកឡើងថា បើសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអូសបន្លាយពេល និងគាំទ្រដល់តម្លៃមាសនៅក្នុងរយៈពេលនេះ ហើយជម្លោះនេះអាចអូសបន្លាយរហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកា៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


