រដ្ឋាភិបាលសិង្ហបុរីបញ្ចេញថវិកាជិត ៣ពាន់លានដុល្លារអាមេរិក ជួយបុគ្គលិកជាង ១៤ម៉ឺននាក់ឲ្យនៅតែមានការងារធ្វើ ក្នុងវិបត្តិ Covid-19 នេះ
សេដ្ឋកិច្ច May 18, 2020 Chan Sreyny

សិង្ហបុរី៖ និយោជិកជាង ១៤ម៉ឺននាក់ នឹងទទួលបានប្រាក់់ឧបត្ថម្ភពីរដ្ឋាភិបាលបន្តទៀតតាមរយៈគម្រោងគាំទ្រការងារ (JSS) ក្នុងចំនួនទឹកប្រាក់សរុបដល់ទៅ ៤ ពាន់លានដុល្លារសិង្ហបុរី (២.៩ ពាន់លានដុល្លារ) នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី Heng Swee Keat ដែលបានលើកឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។

គម្រោង JSS គឺជាកម្មវិធីឧបត្ថម្ភធនប្រាក់ឈ្នួលដើម្បីជួយក្រុមហ៊ុនរក្សា និងផ្តល់ប្រាក់ឈ្នួលដល់កម្មកររបស់ពួកគេនៅពេលដែលអាជីវកម្មទទួលរងផលប៉ះពាល់ពីការរាតត្បាតនៃវីរុស Covid-19។ តាមរយៈឧបនាយករដ្ឋមន្រ្តី Heng Swee Keat ការគាំទ្រប្រាក់ឈ្នួលសម្រាប់ក្រុមហ៊ុននៅសឹង្ហបូរី គឺមានសារៈសំខាន់ណាស់ ជារួមរដ្ឋាភិបាលបានប្តេជ្ញាចិត្តផ្ដល់ថវិកាជាង ២០ ពាន់លានដុល្លារសិង្ហបុរីនៅក្រោម JSS ទៅលើប្រាក់ឧបត្ថម្ភចំនួន ៣ ប្រភេទគឺ ការរួបរួម ​ភាពធន់ និងសាមគ្គីភា។

ជាមួយគ្នានេះដែរលោកបាននិយាយនៅលើទំព័រហ្វេសប៊ុកថា៖ «ខ្ញុំសូមជំរុញឱ្យក្រុមហ៊ុននានាប្រើប្រាស់ប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល JSS ដើម្បីរក្សាកម្មកររបស់ពួកគេក្នុងអំឡុងពេលដ៏លំបាកនេះ »។ ជាក់ស្ដែងនិយោជកនឹងទទួលបានប្រាក់ឈ្នួល ៧៥% សម្រាប់និយោជិកក្នុងស្រុករបស់ពួកគេ ខណៈម្ចាស់ភាគហ៊ុនមួយចំនួនក៏នឹងទទួលបានស្រដៀងគ្នានេះដែរ ហើយប្រាក់អាចសងត្រលប់មកវិញនៅពេលដែលក្រុមហ៊ុនដំណើរការល្អឡើងវិញ។ ទន្ទឹមនឹងនេះដែរក្រសួងហិរញ្ញវត្ថុ (MOF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគាំទ្រប្រាក់ឈ្នួលនឹងត្រូវផ្តល់ជូនចាប់ពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ នេះតទៅ៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី