ប្រទេសជប៉ុនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នា២០១៥ ដោយប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោកនេះបានធ្លាក់ចុះ ០.៩% នៅក្នុងត្រីមាសទី១ ខណៈដែលប្រទេសនេះកំពុងទប់ទល់នឹងវីរុស Covid-19។ ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុបបន្ទាប់ពីការធ្លាក់ចុះ ១.៩% នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៩ ដោយសារការដំឡើងថ្លៃពន្ធ និងព្យុះបានវាយប្រហារប្រទេសជប៉ុនយ៉ាងខ្លាំង មុនពេលដែលជំងឺរាតត្បាតនេះត្រូវបង្ខំឲ្យបិទទ្វារសេដ្ឋកិច្ចទៅទៀត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា វិបត្តិសេដ្ឋកិច្ចត្រូវបានកំណត់ជាពីរត្រីមាសជាប់គ្នានៃកំណើនផលិតផលក្នុងស្រុកសរុបអវិជ្ជមាន ហើយអ្នកវិភាគខ្លះបានព្យាករណ៍ថាសេដ្ឋកិច្ចជប៉ុននឹងកាន់តែយ៉ាប់យ៉ឺនដោយសារផលប៉ះពាល់នៃវីរុស Covid-19 នេះដែលហាក់ដូចជាមិនមានភាពប្រាកដប្រជា។ លោក Naoya Oshikubo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន SuMi TRUST មានប្រសាសន៍ថា « យើងរំពឹងថាអ្វីដែលអាក្រក់បំផុតនឹងមិនទាន់មកដល់ទេ ដោយស្ថានភាពអាសន្ននៅក្នុងប្រទេសជប៉ុន និងភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាតក្នុងចំណោមបណ្តាប្រទេសលោកខាងលិចកំពុងបន្តធ្វើឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ »។

ប៉ុន្តែទោះជាយ៉ាងណាក្ដី លទ្ធផលត្រីមាសដំបូង គឺប្រសើរជាងការរំពឹងទុករបស់សេដ្ឋវិទូ បើទោះបីជាធ្លាក់ចុះក៏ដោយក្ដី ដោយសេដ្ឋវិទូបានរំពឹងទុកសម្រាប់ការធ្លាក់ចុះរបស់សេដ្ឋវិទូរហូតដល់ ១.១%។ គួរឲ្យដឹងផងដែរថាវិស័យទេសចរណ៍ជប៉ុនបានធ្លាក់ចុះ ៩០% ខណៈឧស្សាហកម្ម និងពាណិជ្ជកម្មបានជាប់គាំង ហើយវីរុសក៏បានបង្ខំឱ្យមានការពន្យារពេលនៃការប្រារព្ធព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែលត្រូវបានគេមើលឃើញថាជាការជំរុញសេដ្ឋកិច្ច។

បន្ថែមពីនេះយោងតាមសេចក្តីលម្អិតនៃរបាយការណ៍ ផលិតផលក្នុងស្រុកសរុប ការប្រើប្រាស់ឯកជនបានធ្លាក់ចុះ ០.៧% ពីមួយត្រីមាសទៅមួយត្រីមាស ដោយការប្រើប្រាស់ទាំងគ្រួសារ និងការវិនិយោគក្រុមហ៊ុនធ្លាក់ចុះ ០.៨% និង ០.៥%។ ហើយនៅពេលដែលជំងឺរាតត្បាតឆ្លងរាលដាលដល់សេដ្ឋកិច្ចពិភពលោក ការនាំចេញរបស់ជប៉ុនបានរងផលប៉ះពាល់ខ្លាំងជាងគេគឺធ្លាក់ចុះ ៦% បើប្រៀបធៀបទៅនឹងត្រីមាសមុន។

គួរបញ្ជាក់ផងដែរថាប្រទេសជប៉ុនបានទទួលរងផលប៉ះពាល់សេដ្ឋកិច្ចតិចជាងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ច ជឿនលឿនបំផុតដោយអ្នកជំងឺកូវីដ-១៩ មានតែជាង ១៦,០០០នាក់នៅក្នុងប្រទេសទាំងមូល និងមានអ្នកស្លាប់ប្រហែល ៧៥០នាក់ប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរមានក្តីបារម្ភថា វាអាចនឹងមានការផ្ទុះឡើងជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងរដ្ឋធានីតូក្យូដែលមានប្រជាជនច្រើនហើយបានជំរុញឱ្យប្រជាជននៅក្នុងផ្ទះនិងអាជីវកម្មបិទទ្វារ៕
ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


