រដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់រោងចក្រកាត់ដេរឲ្យផលិតម៉ាស់ ឧបករណ៍វេជ្ជសាស្រ្ត និង​សម្លៀកបំពាក់ការពារសម្រាប់ប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ
សេដ្ឋកិច្ច May 16, 2020 Chan Sreyny

រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានយល់ព្រមលើសំណើរបស់មាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងបានលើកទឹកចិត្តដល់រោងចក្រកាត់ដេរឲ្យផលិតម៉ាស់គ្រប់ប្រភេទ ឧបករណ៍វេជ្ជសាស្រ្ត និង​សម្លៀកបំពាក់ការពារសម្រាប់ប្រើប្រាស់ក្នុងស្រុក និងសម្រាប់នាំចេញ។ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ញើទៅប្រធាន (GMAC) បានឲ្យដឹងថា នៅក្នុងវិបត្តិកូវីដ-១៩ នេះ ម៉ាស់គ្រប់ប្រភេទ ឧបករណ៍វេជ្ជសាស្រ្ត និងសម្លៀកបំពាក់ការពារ គឺកម្ពុជា និងពិភពលោកកំពុងត្រូវការបំផុតដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងនេះ។

អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈលោក ហេង សួរ កាលពីពេលកន្លងទៅនេះបានឲ្យដឹងថាការនាំចេញសម្លៀកបំពាក់ និងស្បែកជើងត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះពី ៥០-៦០% នៅត្រីមាសទី២ ឆ្នាំនេះដោយសារផលប៉ះពាល់នៃការរាតត្បាត។ ខណៈការនាំចេញក្នុងត្រីមាសទី១ មានចំនួន ៨០% ធៀបនឹងឆ្នាំមុនៗ បន្ទាប់ពីវីរុសកូវីដ-១៩ បានផ្ទុះឡើងនៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារធំបំផុតនៃផលិតផលកាត់ដេរកម្ពុជានៅខែកុម្ភៈ។

បន្ថែមពីនេះការបង្វែផលិតកម្មមកផលិតសម្ភារៈពេទ្យ នឹងជួយបញ្ចៀសរោងចក្រពីការបិទទ្វារ ខណៈបច្ចុប្បន្នរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ១៨០ បានផ្អាកប្រតិបត្តិការហើយរោងចក្រ ៦០ កន្លែងទៀតត្រូវបានគេប៉ាន់ស្មានថារៀបនឹងផ្អាកប្រតិបត្តិការដូចគ្នា ដែលបង្កផលប៉ះពាល់ដល់ជីវភាពកម្មករប្រមាណ ២០០,០០០ នាក់៕

អត្ថបទ៖ លីនី