ជំងឺ COVID-19 អាចនឹងប៉ះពាល់ដល់ទិន្នផលរបស់ពិភពលោកជិត ១០% ឬស្មើនឹងទឹកប្រាក់ ៨.៨ ទ្រីលានដុល្លារអាមេរិក
សេដ្ឋកិច្ច May 15, 2020 Khmernote

បើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ផលប៉ះពាល់ដោយសារជំងឺ COVID-19 អាចឈានដល់តម្លៃ ៨.៨ ទ្រីលានដុល្លារ ឬ ៩.៧% នៃផលិតផលក្នុងស្រុកសរុបនៅលើពិភពលោក ដែលវាអាស្រ័យទៅតាមរយៈពេលនៃការផ្ទុះរាលដាលនិងកម្លាំងនៃការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺ COVID-19 ។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បាននិយាយនៅក្នុងរបាយការណ៍នៅថ្ងៃសុក្រនេះថា ប្រសិនមានការគ្រប់គ្រងវីរុសក្នុងរយៈពេល៣ខែដំបូង គូជាមួយគោលនយោបាយរឹងមាំ វាអាចជួយឱ្យការប៉ះពាល់នេះថយមកត្រឹម ៤.១ ទ្រីលាន ឬ ៤.៥% នៃទិន្នផលពិភពលោក។ អ្នកវិភាគក៏បានគូសបញ្ជាក់ផងដែរ ចំពោះសារសំខាន់របស់គោលនយោបាយ ដែលអាចជួយដល់សេដ្ឋកិច្ចមួយបាន។

ខណៈការស្លាប់ទូទាំងពិភពលោកកើនដល់ ៣០០,០០០នាក់ ADB បានស្នើឱ្យបង្កើនប្រព័ន្ធសុខាភិបាល ក៏ដូចជាការការពារប្រាក់ចំណូលនិងការងារ ដើម្បីចៀសវាងការពិបាកអំឡុងពេលសេដ្ឋកិច្ចនឹងងើបឡើងវិញ។ ធនាគារអភិវឌ្ឍន៍អាស៊ីបាននិយាយថា វិធានការប្រកបដោយនិរន្តរភាពពីរដ្ឋាភិបាលអាចធ្វើឱ្យផលប៉ះពាល់សេដ្ឋកិច្ចនៃវីរុសថយចុះ៤០%។ ចន្លោះពី ១៥៨លាន ទៅ ២៤២ លានការងារ អាចត្រូវបានបាត់បង់នៅទូទាំងពិភពលោក ដោយក្នុងនោះមាន ៧០% ជាការងារនៅអាស៊ី និងតំបន់ប៉ាស៊ីហ្វិក។ ចំណែកក្នុងប្រទេសចិនតែមួយ ការងារប្រហែល ៩៥លាន អាចត្រូវបាត់បង់។ ឧស្សាហកម្ម ផលិតកម្ម និងបដិសណ្ឋារកិច្ច នឹងជួបការលំបាកខ្លាំងបំផុត ហើយបុគ្គលិកមានជំនាញក្នុងវិស័យផ្សេងទៀតក៏អាចមើលឃើញពីការផ្លាស់ប្តូរការងារបណ្តោះអាសន្នផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg