ជប៉ុនគ្រោងចំណាយថវិកាជាង ៤៦០ លានដុល្លារ ចែកដល់និស្សិតជប៉ុន និងនិស្សិតបរទេសដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សាដោយសារវីរុស Covid-19
សេដ្ឋកិច្ច May 15, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុនបានស្នើឲ្យបង់ប្រាក់ចំនួន ២០០,០០០ យ៉េន (១,៨៧០ ដុល្លារ) ដល់និស្សិតដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សាដោយសារតែផ្នែកហិរញ្ញវត្ថុត្រូវបានរងការវាយប្រហារពីវីរុសរាតត្បាត Covid-19។ ក្នុងនោះផងដែរនិស្សិតដែលធ្វើការងារក្រៅម៉ោងហើយប្រាក់ចំណូលបានធ្លាក់ចុះពាក់កណ្ដាល ឬ ច្រើនជាងនេះ និងអ្នកដែលមកពីគ្រួសាររកប្រាក់បានតិចតួចក្នុងការបង់ពន្ធប្រាក់ចំណូលក្នុងស្រុក នឹងមានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០ យ៉េន (ប្រហែល ៩៣២​ ដុល្លារ) ផងដែរ។

យោងតាមការចុះផ្សាយរបស់ NewsOnJapan បានឲ្យដឹងថា ការផ្តល់ជំនួយសង្គ្រោះនេះនឹងផ្តល់ជូននិស្សិតដែលបានចុះឈ្មោះនៅតាមសាកលវិទ្យាល័យផ្សេងៗរួមមាន ថ្នាក់បញ្ចប់ការសិក្សា (បណ្ឌិត និងអនុបណ្ឌិត), មហាវិទ្យាល័យ និងសាលាភាសាជប៉ុន។ បន្ថែមពីនេះក៏រាប់បញ្ចូលទាំងនិស្សិតបរទេសដែលពួកគេភាគច្រើនពឹងផ្អែកលើប្រាក់ចំណូលពីការងារដើម្បីបង់ថ្លៃសិក្សាផងដែរ។

រដ្ឋបាលរបស់នាយករដ្ឋមន្រ្តី Shinzo Abe ដែលបានជូនដំណឹងដល់គណបក្សកាន់អំណាច និងសមាជិកសភា អំពីផែនការនេះកាលពីថ្ងៃព្រហស្បតិ៍ ហើយរំពឹងថានឹងផ្តល់ប្រាក់ទាំងនេះដល់និស្សិតប្រហែល ៤០០,០០០ នាក់។ ខណៈវិធានការនេះនឹងត្រូវចំណាយ ថវិកាចំនួន ៥០ ពាន់លានយ៉េនពីថវិកាបន្ថែមឆ្នាំ២០២០ ដែលបានអនុម័តកាលពីខែមុន ដើម្បីបន្ថែមទៅក្នុងកញ្ចប់ជំរុញសេដ្ឋកិច្ចក្នុងអំឡុងពេលរាតត្បាត។ ទន្ទឹមនឹងនេះដែរមន្រ្តីរដ្ឋាភិបាល និងសមាជិកសភាក៏កំពុងពិចារណាលើទម្រង់នៃជំនួយសិក្សាមួយចំនួនដែលជាផ្នែកមួយនៃថវិកាបន្ថែមលើកទី២ ដែលបានគ្រោងទុក៕

ប្រភព៖ newsonjapan
អត្ថបទ៖ លីនី