ប្រទេសឥណ្ឌូណេស៉ីបានឈ្នះលើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយក្លាយជាទិសដៅសំខាន់សម្រាប់ការផ្លាស់ប្តូរទីតាំងរោងចក្រអាមេរិកពីប្រទេសចិន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងរោងចក្រប្រមាណ ២៧ (ឬច្រើនជាងនេះ) របស់អាមេរិកចេញពីប្រទេសចិនទៅកាន់ឥណ្ឌូណេស៉ីវិញ បន្ទាប់ពីលោកបានផ្ទេរសិទ្ធិដល់រដ្ឋមន្រ្តីក្រសួងវិនិយោគរបស់ឥណ្ឌូណេស៉ីគឺលោក Luhut Binsar Pandjaitan ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិក ដើម្បីធានាថាការផ្លាស់ប្តូរទីតាំងទាំងអស់ត្រូវបានមើលការខុសត្រូវដោយប្រទេសឥណ្ឌូណេស៉ី។ ដូច្នេះវាមានន័យថាជម្លោះរវាងសហរដ្ឋអាមេរិកនិងចិន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ឥណ្ឌូណេស៉ី។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនអ៊ឺរ៉ុប និងជប៉ុន ក៏បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការដើរចេញនិងកាត់ខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនផងដែរ។
ឥណ្ឌូណេស៉ីស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Joko Widodo បានបោះជំហានទៅមុខយ៉ាងលឿន ដើម្បីដណ្តើមយកក្រុមហ៊ុនអាមេរិកស្ទើរតែទាំងអស់ពីប្រទេសចិន។ ការលើកទឹកចិត្តដ៏ធំធេងសម្រាប់ការផ្លាស់ប្ដូរនេះរួមមាន៖ ការលើកលែងថ្លៃដីធ្លីរយៈពេល ៥ឆ្នាំ និងការជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានក្រុមហ៊ុនអាមេរិកទាំងអស់ គឺជាមធ្យោបាយមួយដែលត្រូវបានអនុវត្តដើម្បីទទួលជោគជ័យក្នុងការទាក់ទាញយកក្រុមហ៊ុនអាមេរិក។ ឧទ្យានឧស្សាហកម្ម Brebes នៅកោះជ្វាភាគកណ្តាល ដែលមានផ្ទៃដីប្រមាណ ៤ ០០០ ហិកតា គឺជាដីធំជាងគេបំផុតសម្រាប់សម្រួលការផ្លាស់ប្តូរទីតាំងរោងចក្ររបស់អាមេរិក រួមជាមួយតំបន់ឧស្សាហកម្មចំនួន ២៥ផ្សេងទៀត កំពុងរង់ចាំបើកទ្វារទទួលរោងចក្រទាំងនោះ។
ខណៈប្រទេសវៀតណាមត្រូវបានជ្រើសរើសដោយក្រុមហ៊ុនចិនមួយចំនួន ដោយសារតែភូមិសាស្ត្រនៅជាប់ប្រទេសចិន ហើយកម្លាំងពលកម្មមានតម្លៃថោក ប្រទេសឥណ្ឌូណេស៉ីហាក់បានទទួលជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុននានាពីសហរដ្ឋអាមេរិក ព្រោះតែផលិតភាពកម្លាំងមនុស្សមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរជាង ក៏ដូចជាការលើកលែងថ្លៃជួលដីធ្លី និងការលើកទឹកចិត្តផ្សេងៗទៀត។ ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិចិននៅវៀតណាមមានច្រើន ក៏ជាហេតុផលដែលធ្វើឱ្យក្រុមហ៊ុនអាមេរិកកាន់តែចូលចិត្តឥណ្ឌូណេស៉ីខ្លាំងឡើង។ វាប្រៀបដូចជាប្រទេសឥណ្ឌូណេស៉ី និងវៀតណាម ជាប្រទេសដែលស្ថិតនៅចន្លោះកណ្ដាលរវាងជម្លោះអាមេរិកនិងចិន៕


អត្ថបទ៖ Lentera Sultra, CNBC Indonesia, Ekonomi Bisnis


