យោងតាមអនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃបានឲ្យដឹងថា ប្រទេសចិនបានផ្ដល់ការផ្គត់ផ្គង់ថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យមួយចំនួនទៀតដល់ប្រទេសថៃ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19។ លោកឧត្តមសេនីយ៍ Chaichan Changmongkol ដែលតំណាងឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដែលមានតម្លៃ ៣០ លានបាត (ជាង ៩៣ ម៉ឺនដុល្លារអាមេរិក) រួមមាន៖ ឧបរកណ៍បំពាក់អុកស៊ីសែនចំនួន ៦ ម៉ាស៊ីនវាស់ចង្វាក់បេះដូង ១០ ម៉ាស៊ីនជំនួយទូទៅ ៣០ គ្រឿង ឧបករណ៍វាស់កម្តៅ ១០០ និងឧបករណ៍តេស្តរកមេរោគ ៦០០០។
ប្រភពដដែលបានបន្តថា ក្រៅពីឧបករណ៍និង ម៉ាស៊ីនផ្សេងៗទូទៅដែលត្រូវប្រើនៅក្នុងមន្ទីរពេទ្យ ប្រទេសចិនក៏បានផ្ដល់ម៉ាស់ធម្មតាចំនួន ១០ ម៉ឺនម៉ាស់ ម៉ាស់ពេទ្យ ១៥,០០០ វែនតាការពារ ១០,៥០០ ឈុតការពារ ៧,០០០ ឈុត និងស្រោមដៃ ១២០ ប្រអប់ផងដែរ។

បើតាមប្រសាសន៍៍របស់ឧត្តមសេនីយ៍ Chaichan នេះមិនមែនជាលើកទី១ ទេ ដែលរដ្ឋាភិបាលចិនបានផ្គត់ផ្គង់ឧបករណ៍ និងគ្រឿងវេជ្ជសាស្រ្តទាំងនេះដល់ប្រទេសថៃ។ ហើយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រទាំងនេះនឹងត្រូវចែកចាយដល់មន្ទីរពេទ្យយោធា និងមន្ទីរពេទ្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលនៅភាគខាងត្បូងខេត្ត Yala, Pattani និង Narathiwat៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


