ឥណ្ឌូនេស៊ីដាក់ពង្រាយ «ម៉ាស៊ីនអេធីអឹមអង្ករ» ចំនួន ១០ នៅជុំវិញនិងក្នុងទីក្រុង ចែកអង្ករឥតគិតថ្លៃដល់ប្រជាជនដែលកំពុងខ្វះខាត
សេដ្ឋកិច្ច May 13, 2020 Chan Sreyny

ជំងឺរាត្បាតដោយវីរុស Covid-19 បានធ្វើឲ្យប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់កំពុងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដោយសារការបាត់បង់ការងារ ប្រាក់ចំណូល ដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅយ៉ាងខ្លាំង។ ជាកិច្ចខិតខំដើម្បីជួយដល់ប្រជាជន បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានកំពុងដាក់ពង្រាយ «ម៉ាស៊ីនអេធីអឹមអង្ករ» ចំនួន ១០ នៅក្នុង និងជុំវិញក្រុង Jakarta ដើម្បីផ្ដល់អង្ករដល់អ្នកដែលខ្វះខាត ហើយចាំបាច់បំផុត។

គួរឲ្យដឹងផងដែរថា «ម៉ាស៊ីនអេធីអឹមអង្ករ» ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការជួយប្រជាជនដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការផ្ទុះឡើងដែលបានបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ។ យោងតាមលោក Ibrahim មន្រ្តីយោធាម្នាក់ដែលគ្រប់គ្រងការចែកចាយបាននិយាយថា អង្ករសរុបចំនួន ១.៥ តោនត្រូវបានគេរៀបចំសម្រាប់ប្រជាជនប្រហែល ១,០០០ នាក់ជារៀងរាល់ថ្ងៃ។ ការចែកចាយត្រូវបានអនុវត្តជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍។

គួរបញ្ជាក់ផងដែរថា «ម៉ាស៊ីនអេធីអឹមអង្ករ» ត្រូវបានណែនាំដោយសហគ្រិនជនជាតិវៀតណាមនៅទីក្រុងហូជីមិញកាលពីដើមខែមុន ដើម្បីផ្តល់ជូនអង្ករដោយឥតគិតថ្លៃដល់ប្រជាជនដែលគ្មានការងារធ្វើដោយសារការរាត្បាតរបស់វីរុស COvid-19។ ខណៈប្រជាជន ឥណ្ឌូណេស៊ីជាង ១៤,០០០ នាក់បានឆ្លងវីរុស Covid-19 ចាប់តាំងពីដើមខែមីនាមក ដោយក្នុងនោះមនុស្សចំនួន ៩៩១ នាក់បានស្លាប់ដោយសារជំងឺនេះ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅអាស៊ីបូព៌ាបន្ទាប់ពីប្រទេសចិន៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី