ប្រេងចុះថោកជាងពាក់កណ្ដាល ធ្វើឱ្យអារ៉ាប់ប៊ីសាអូឌីតត្រូវបន្ថែមពន្ធទំនិញ ៣ដង និងកាត់ថ្លៃចំណាយលើគម្រោងធំៗ ២៦ ពាន់លានដុល្លារ
សេដ្ឋកិច្ច May 12, 2020 Khmernote

អារ៉ាប់ប៊ីសាអូឌីតបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងបង្កើនពន្ធថ្លៃជាងមុនរហូតដល់ទៅ ៣ដង ដែលធ្វើឱ្យតម្លៃពន្ធសម្រាប់ទំនិញធម្មតាមានតម្លៃ ១៥% ហើយខ្លួនក៏បានកាត់បន្ថយថ្លៃចំណាយលើគម្រោងធំៗប្រមាណ ២៦ ពាន់លានដុល្លារ នៅចំពេលដែលប្រទេសនេះមានបញ្ហាសេដ្ឋកិច្ច ដោយសារតែវិបត្តិវីរុស COVID-19 និងតម្លៃប្រេងចុះទាប។ បើយោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបាននិយាយថា ពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតក៏នឹងបាត់បង់ប្រាក់ឧបត្ថម្ភថ្លៃរស់នៅផងដែរ ដែលប្រាក់នេះធ្លាប់បានចាត់ចែងឡើងចាប់តាំងពីឆ្នាំ២០១៨។

ទោះបីជាមានការខិតខំដើម្បីធ្វើសេដ្ឋកិច្ចចម្រុះមុខក៏ដោយ ក៏រាជាណាចក្រមួយនេះនៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើប្រេងសម្រាប់ចំណូលរបស់ជាតិ។ ប្រេងឆៅប្រភេទ Brent ឥឡូវនេះមានតម្លៃប្រហែល ៣០ ដុល្លារក្នុងមួយបារ៉ែល ដែលទាបជាងអ្វីដែលអារ៉ាប់ប៊ីសាអូឌីតអាចទ្រទ្រង់បាន។ អារ៉ាប់ប៊ីសាអូឌីតក៏បានបាត់បង់ប្រាក់ចំណូលពីការផ្អាកធម្មយាត្រាមូស្លីមទៅកាន់ទីក្រុងដ៏បរិសុទ្ធ Mecca និង Medina ដែលត្រូវបានបិទដោយសារតែវីរុស COVID-19។

វិធានការណ៍ថ្មីនេះមានលក្ខណៈខ្លាំងក្លាបំផុត ដែលវាចេញពីដៃអ្នកផលិតប្រេងនៅឈូងសមុទ្រអារ៉ាប់ ចាប់តាំងពីតម្លៃប្រេងបានធ្លាក់ចុះជាងពាក់កណ្តាលនៅក្នុងខែមីនា ដែលជាសញ្ញាបង្ហាញថាប្រទេសជិតខាងក៏អាចនឹងព្យាយាមយកពន្ធខ្ពស់លើប្រជាជនដែលរស់នៅក្នុងប្រទេសរបស់ពួកគេនៅក្នុងឆ្នាំនេះផងដែរ។ ប៉ុន្តែប្រទេសអារ៉ាប់រួមដែលនៅជាប់នោះបាននិយាយកាលពីថ្ងៃចន្ទថា បច្ចុប្បន្ននេះខ្លួនគ្មានផែនការស្រដៀងគ្នាដើម្បីដំឡើងពន្ធទេ៕

អត្ថបទ៖ លីដា
ប្រភព៖ KLEW-TV