ការរាតត្បាតកាន់តែខ្លាំងឡើងៗ អាកាសយានដ្ឋាន Changi បានផ្អាកដំណើរការច្រកទី៤ មួយទៀតដោយមិនដឹងថាពេលណាអាចបើកវិញនោះទេ
សេដ្ឋកិច្ច May 12, 2020 Chan Sreyny

នៅថ្ងៃអង្គារ ទី១១​ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនអាកាសយានដ្ឋាន Changi Airport Group (CAG) បានប្រកាសថា ចំណតទី៤ (Changi Terminal 4) នៃអាកាសយានដ្ឋាន Changi នឹងផ្អាកប្រតិបត្តិការចាប់ពីថ្ងៃទី១៦ ខែឧសភា នេះតទៅ បន្ទាប់ពីការធ្លាក់ចុះនៃជើងហោះហើរដោយសារការរាតត្បាតនៃវីរុស Covid-19 ដែលកំពុងកើនឡើងយ៉ាងគំហុកនៅក្នុងរដ្ឋកូនកោះមួយនេះ និងនៅទូទាំងពិភពលោក។

ជាមួយគ្នានេះដែរ CAG បានឲ្យដឹងថា បច្ចុប្បន្នមានជើងហោះហើរមួយចំនួនតូចដែលដំណើរការពីចំណតទី៤ ហើយក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីនោះនឹងផ្លាស់ទៅកាន់ចំណតទី១ ឬចំណតទី៣ វិញ។ គួរម្លឹកផងដែរថា កាលពីខែមេសារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Khaw Boon Wan បាននិយាយថាប្រតិបត្តិការនៅចំណទទី២ នឹងត្រូវផ្អាកក្នុងរយៈពេល ១៨ ខែ។

ទន្ទឹមនឹងនេះហាង និងភោជនីយដ្ឋាននៅចំណតទី៤ ក៏នឹងត្រូវបិទ ហើយសេវាកម្មរថយន្តក្រុងដែលតភ្ជាប់ចំណតទី៣ និងចំណតទី៤ ក៏នឹងត្រូវផ្អាករហូតដល់មានប្រតិបត្តិការជាថ្មីផងដែរ។ បន្ថែមពីនេះសេវាកម្ម Skytrain នៅអាកាសយានដ្ឋាន Changi ក៏ត្រូវបានកាត់បន្ថយ ដោយសារតែតម្រូវការទាប ហើយតាក់ស៊ីឈរជើងនៅចំណតទី១ និងចំណតទី៣ ក៏នឹងត្រូវបញ្ចូលគ្នាផងដែរក្នុងចំណតតែមួយ។

យ៉ាងណាមិញ CAG ក៏បាននិយាយថា ពេលវេលានៃការចាប់ផ្តើមសេវាកម្មឡើងវិញរបស់ចំណតដែលបានផ្អាកដំណើរការរបស់អាកាសយានដ្ឋាន Changi នឹងអាស្រ័យលើពេលដែលតម្រូវការធ្វើដំណើរតាមផ្លូវអាកាសកើនឡើង និងលើតម្រូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងស្វែងរកការហោះហើរឡើងវិញនៅអាកាសយានដ្ឋាន Changi៕

ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី​