អភិបាលក្រុងតូក្យូ នឹងផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមទៀតដល់អាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងរដ្ឋធានី ដែលយល់ព្រមតាមសំណើបញ្ឈប់ប្រតិបត្តិការរហូតដល់ចុងខែនេះ
សេដ្ឋកិច្ច May 7, 2020 Chan Sreyny

អភិបាលក្រុងតូក្យូបាននិយាយកាលពីថ្ងៃអង្គារ ទី០៥ ខែឧសភានេះថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមទៀតដល់អាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងរដ្ឋធានី ដែលយល់ព្រមតាមសំណើរបស់ខ្លួនដើម្បីបញ្ឈប់ប្រតិបត្តិការរហូតដល់ចុងខែនេះ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីការពារការរីករាលដាលនៃវីរុសឆ្លង Covid-19។ ខណៈវិធានការបញ្ឈប់ប្រតិបត្តិការនានានៅក្នុងរដ្ឋធានីជប៉ុននេះ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តី Shinzo Abe បានបន្តភាពអាសន្នទូទាំងប្រទេសរហូតដល់ទី៣១ ខែឧសភានេះ។

គ្រោងការណ៍ និងទំហំនៃការឧបត្ថម្ភធនរបស់ទីក្រុងតូក្យូ ស្រដៀងនឹងអ្វីដែលអភិបាលបានសម្រេចចិត្តមុនពេលពន្យារពេលនៃភាពអាសន្នដែលពាក់ព័ន្ធនឹងការទូទាត់ប្រាក់ចំនួន ៥០០,០០០ យ៉េន (៤,៧០០ ដុល្លារ) ដល់ម្ចាស់អាជីវកម្មដែលមានហាងតែមួយ និង ១លានយ៉េន (ប្រហែល ៩,៤០០ ដុល្លារ) ដល់អ្នកដែលបើកហាងច្រើន ហើយការទូទាត់ប្រាក់ត្រូវបានកំណត់ថានឹងចាប់ផ្តើមពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះទៅ។

លោកស្រី Yuriko Koike បានប្រាប់សន្និសីទកាសែតថា « ការពន្យារពេលមួយខែទៀតនេះ នឹងជះឥទ្ធិពលខ្លាំងក្លាដល់អាយុជីវិត ឬការស្លាប់ »។ លោកស្រីបានបន្តថា ខ្លួននឹងស្នើសេចក្តីព្រាងថវិកាបន្ថែមដើម្បីផ្តល់ហិរញ្ញប្បទានគាំទ្របន្ថែមនៅក្នុងការប្រជុំសភាសាមញ្ញរបស់រាជធានីនាខែមិថុនាខាងមុខនេះ។ ដោយអភិបាលក្រុងនឹងបន្ថែមថវិកាប្រមាណ ៩៦ ពាន់លានយ៉េន ដើម្បីជួយដល់អាជីវកម្មចំនួន ១៣០,០០០ ដោយនាំមកនូវកញ្ចប់ជំនួយសរុបដល់ ១៩២ ពាន់លានយ៉េន។

យ៉ាងណាមិញអាជីវកម្មដែលមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុរួមមាន ភោជនីយដ្ឋាន បារ និងកន្លែងតន្រ្តីបន្តផ្ទាល់ ដែលត្រូវបានស្នើសុំដោយអភិបាលក្រុងដើម្បីបញ្ឈប់ប្រតិបត្តិការក្នុងកំឡុងពេលមានការរាតត្បាតនៃវីរុស Covid-19។ ទន្ទឹមនឹងនេះ លោកស្រី Koike បានស្នើសុំជាថ្មីម្តងទៀត ដល់អ្នកស្រុកដោយដាក់កម្រិតលើភាពញឹកញាប់នៃការដើរទិញឥវ៉ាន់នៅរៀងរាល់បីថ្ងៃម្តង ដើម្បីកាត់បន្ថយភាពកកកុញនៅក្នុងផ្សារទំនើប និងមិនអនុញ្ញាតឱ្យចេញទៅខាងក្រៅក្នុងករណីមិនចាំបាច់៕

ប្រភព៖ kyodonews
អត្ថបទ៖ លីនី