ក្រុមហ៊ុនអាកាសចរណ៍ធំៗ ចាប់ផ្ដើមដំណើរការជើងហោះហើរឡើងវិញមកប្រទេសកម្ពុជាបណ្ដើរៗ ដើម្បីស្រោចស្រង់ការខាតបង់ត្រលប់មកវិញ តែត្រូវគោរពតាមគោលការណ៍សុវត្ថិភាព
សេដ្ឋកិច្ច May 7, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ជាច្រើនបានចាប់ផ្ដើមដំណើរការជើងហោះហើរឡើងវិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងខែនេះ ដោយត្រូវគោរពតាមគោលការណ៍សុវត្ថិភាព ខណៈដែលឧស្សាហកម្មនេះបានកំពុងព្យាយាមងើបឡើងវិញពីពេលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍។

ជាមួយគ្នានេះដែរក្រុមហ៊ុនដែលបានចាប់ផ្ដើមជើងហោះហើរឡើងវិញរួមមាន៖ Cambodia Angkor Air, China Air និង Eva Air ដោយបានចាប់ផ្ដើមនាដើមខែនេះ ។ ខណៈក្រុមហ៊ុនធំៗផ្សេងទៀតដូចជា Qatar Airways, Cathay Pacific, Thai Airways និង Emirates ក៏កំពុងកំណត់ពេលសម្រាប់ជើងហោះហើរបន្តមកកម្ពុជាវិញនៅខែមិថុនា និងកក្កដា។ យ៉ាងណាមិញទោះបីជាមានការបើកជើងហោះហើរឡើងវិញក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍បានអនុវត្តវិធានការសុវត្ថិភាពយ៉ាងតឹងរឹងក្នុងអំឡុងពេលហោះហើររបស់ពួកគេជាមួយអ្នកដំណើរ ដោយត្រូវឆ្លងកាត់ការធ្វើតេស្ត ក៏ដូចជាការប្រើប្រាស់សម្លៀកបំពាក់ការពារខ្លួនរបស់បុគ្គលិក។

គួរបញ្ជាក់ផងដែរថាយោងតាមសមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) កាលពីថ្ងៃទី០៤ ខែឧសភាបានធ្វើបច្ចុប្បន្នភាពការវិភាគរបស់ខ្លួនអំពីផលប៉ះពាល់នៃវិបត្តិ Covid-19 ទៅលើឧស្សាហកម្មនេះដោយ បង្ហាញថាប្រាក់ចំណូលរបស់អ្នកដំណើរតាមផ្លូវអាកាសអាចធ្លាក់ចុះ ២៥២ ពាន់លានដុល្លារ ស្មើនឹង ៤៤% ក្រោមតួលេខឆ្នាំ២០១៩ ៕

ប្រភព៖ vietnamplus