ថៃ៖ បន្ទាប់ពីមានការពន្យារការហាមឃាត់លក់គ្រឿងស្រវឹងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សម្រាប់រយៈពេលមួយខែទៀត CSSA នៃប្រទេសថៃបានប្រកាសថាពួកគេបានដកបម្រាមជាតិហាមឃាត់ការលក់គ្រឿងស្រវឹងចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុនមក។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី បទប្បញ្ញត្តិចែងថាប្រជាពលរដ្ឋអាចទិញគ្រឿងស្រវឹងសម្រាប់តែទទួលទាននៅផ្ទះប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យទទួលទាននៅភោជនីយដ្ឋានឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែមេសាកន្លងទៅនេះ សមាគមឧស្សាហកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសថៃបានស្នើសុំ ឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា លុបចោលការហាមឃាត់ការលក់គ្រឿងស្រវឹងដែលត្រូវបានដាក់ជាផ្នែកមួយនៃវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ដោយសារតែរងផលប៉ះពាល់យ៉ាងខ្លាំងពីវិធានការនេះ។

យ៉ាងណាមិញការដកហូតការហាមឃាត់ការលក់គ្រឿងស្រវឹងកើតឡើងស្របគ្នានឹងថ្ងៃឈប់សម្រាកបុណ្យជាតិចំនួនពីរគឺថ្ងៃ (ទិវាពលកម្មអន្តរជាតិ) និងមួយទៀតនៅថ្ងៃច័ន្ទនេះ (ខួបនៃការឡើងគ្រងរាជ្យស្ដេចរាមាទី១០) ដែលធ្វើឲ្យមានការឈប់សម្រាកដ៏វែងមួយនៅចុងសប្ដាហ៍៕
ប្រភព៖ thethaiger
អត្ថបទ៖ លីនី


