ថៃប្រើក្បាច់ចុងក្រោយជួយម្ចាស់ចំការមិនឲ្យបំផ្លាញទិន្នផលចោល ដោយសហការជាមួយវេទិកាអនឡាញធំៗទាំងក្នុង និងក្រៅស្រុកលក់ទិន្នផលចេញ
សេដ្ឋកិច្ច May 2, 2020 Chan Sreyny

ថៃ៖ ខណៈដែលវីរុសកូរ៉ូណាកំពុងវាយលុកខ្លាំង ការនាំចេញផលិតផលរបស់ប្រទេសថៃទៅកាន់ទីផ្សារបរទេសក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ ជាពិសេសផលិតផលកសិកម្ម។ ហេតុដូច្នេះហើយក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយវេទិកាអនឡាញឈានមុខគេចំនួន ៧ រួមមាន Thailandpostmart, Shopee, Lazada, JD Central, Jatujakmall, Cloudmall និង The Hub Thailand ដើម្បីលក់ផ្លែឈើដែលមានគុណភាពខ្ពស់ ក្នុងគោលបំណងជួយកសិករដែលបម្រុង​បំផ្លាញចោលផ្លែឈើទាំងនោះក្នុងរដូវប្រមូលផង ដោយសារគ្មានទីផ្សារ។

លោក Jurin Laksanawisit រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា បណ្តាញអ៉ីនធឺណេតនឹងជួយអ្នកដាំផ្លែឈើឲ្យបញ្ចេញនូវទិន្នផលរបស់ពួកគេ ខណៈបច្ចុប្បន្ននេះអ្នកដែលមានចម្ការជាច្រើនមិនអាចនាំចេញផលិតផលរបស់ពួកគេបានដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នេះ។ លោកបានបន្តថា ក្រសួងរំពឹងថានឹងទាក់ទាញកសិករសហករណ៍សហគ្រាសសហគមន៍និងអ្នកនាំចេញជាង ៥០ ក្រុមចូលរួមក្នុងគម្រោងលក់តាមអ៉ីនធឺណេត។

បន្ថែមពីនេទៅទៀតចំពោះការនាំចេញ រដ្ឋមន្រ្តីរូបនេះបាននិយាយថា ក្រសួងបានបង្កើតភាពជាដៃគូកាលពីម្សិលមិញជាមួយនឹង Octorocket.asia ដែលជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក B2B ថ្មីសម្រាប់អ្នកផលិតម្ហូបអាហារនៅអាស៊ីអាគ្នេយ៍ដើម្បីធ្វើពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត និងរលូន។ ទន្ទឹមនឹងនេះក្រសួងក៏បានចាត់តាំងនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ដើម្បីលើកកម្ពស់ការលក់ផ្លែឈើតាមអ៉ីនធឺណេតបន្ថែមទៀតសម្រាប់ផ្លែឈើថៃ តាមរយៈវេទិកាអនឡាញនាំមុខគេជាច្រើនរួមមាន Tmall របស់ចិន Bigbasket របស់ឥណ្ឌា Khaleang.com របស់កម្ពុជា Aeon របស់ជប៉ុន Amazon របស់សាំងហ្គាពួរ និងសហរដ្ឋអាមេរិក និង Lotte របស់កូរ៉េខាងត្បូង។

ដោយឡែកសម្រា​ប់ការដឹកជញ្ជូនរដ្ឋាភិបាលបានដោះស្រាយរួចហើយពីការដឹកជញ្ជូនផ្លែឈើជាមួយប្រទេសចិនដែលបានចូលជាធរមានកាលពីម្សិលមិញ ដោយការដឹកជញ្ជូនកាន់តែងាយស្រួលទៅកាន់ប្រទេសចិនតាមរយៈប្រទេសឡាវ និងវៀតណាម។ ស្របពេលដែលបច្ចុប្បន្នប្រទេសថៃនាំចេញផ្លែឈើតាមច្រកព្រំដែនចំនួន ៤ គឺ Mohan, Youyi Guan, Dongxing និងច្រកទ្វារព្រំដែន Pingxiang។

គួរបញ្ជាក់ផងដែរថា​ ប្រទេសចិនមានចំនួន ៥៧.១% នៃការដឹកជញ្ជូនផ្លែឈើស្រស់ កក និងស្ងួតរបស់ថៃកាលពីឆ្នាំមុនដែលបង្កើតបានប្រាក់ចំណូល ៦៤.៥ ពាន់លានបាត។ សមាគមអ្នកនាំចេញផ្លែឈើស្រស់ និងនាំចេញរបស់ថៃ ព្យាករណ៍ថាតម្លៃនាំចេញផ្លែឈើនឹងកើនឡើងយ៉ាងហោច ១០% នៅឆ្នាំនេះពីចំនួន ១១៣ ពាន់លានបាតកាលពីឆ្នាំមុន ខណៈតម្រូវការអន្តរជាតិសម្រាប់ផ្លែឈើថៃរួមទាំងពីប្រទេសចិននៅតែមានភាពរឹងមាំបើទោះបីជាការរីករាលដាលនៃជំងឺនេះក៏ដោយ៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី