រោគរាត្បាតដែលបង្កឡើងដោយវីរុស Covid-19 បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសស្ទើរតែទូទាំងពិភពលោកធ្លាក់ចុះ បើទោះបីជាការចាក់សោរទ្រង់ទ្រាយធំក្នុងគោលបំណងការពារប្រជាជនពីវីរុសក៏ដោយក្ដី ក៏បានធ្វើឲ្យពួកគេងាយរងគ្រោះនឹងសេដ្ឋកិច្ចនាពេលខាងមុខ ដោយបច្ចុប្បន្នកម្លាំងពលកម្មមួយចំនួនធំកំពុងរំកិលទៅរកការបាត់បង់ការងាររបស់ពួកគេ។
កាលពីថ្ងៃពុធ កន្លងទៅនេះ អង្គការពលកម្មអន្តរជាតិ (ILO) ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ពាក់កណ្តាលនៃកម្លាំងពលកម្មពិភពលោកកំពុងឆ្ពោះទៅរកវិបត្តិមួយទៀត គឺការបាត់បង់មុខរបរ ដើម្បីចិញ្ចឹមជិវិត។ ទន្ទឹមនឹងនេះ ILO បានព្រមានថា កម្មករប្រមាណ ១.៦ ពាន់លាននាក់ស្មើនឹងពាក់កណ្តាលនៃកម្លាំងពលកម្មពិភពលោកកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលកំពុងបំផ្លាញមុខរបររបស់ពួកគេ។

ក្នុងចំណោមកម្លាំងពលកម្មចំនួន ៣.៣ ពាន់លាននាក់ មានចំនួន ២ លាននាក់ធ្វើការនៅក្នុងវិស័យក្រៅផ្លូវការទាំងជាកម្មករជាប់កិច្ចសន្យា និងជាអ្នកប្រកបមុខរបរដោយខ្លួនឯង។ ខណៈប្រាក់ឈ្នួលរបស់ពួកគេបានធ្លាក់ចុះ ៦០% នៅក្នុងខែដំបូងនៃការកើតមានវិបត្តិ Covid-19 នេះ។ ជាមួយគ្នានេះដែរតាមរបាយការណ៍ (ILO) បានបង្ហាញថា ប្រាក់ឈ្នួលរបស់កម្មករក្រៅផ្លូវការបានធ្លាក់ចុះ ៨១% នៅទ្វីបអាហ្វ្រិក និងអាមេរិក ២១.៦% នៅអាស៊ីនិងប៉ាស៊ីហ្វិក និង ៧០% នៅអឺរ៉ុបនិងអាស៊ីកណ្តាល។

ដោយឡែកសម្រាប់អាជីវកម្មចំនួន ៤៣៦ លានកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការរំខានធ្ងន់ធ្ងរពីវីរុសនេះ ហើយភាគច្រើននៃអាជីវកម្មទាំងនោះ គឺជាផ្នែកសេដ្ឋកិច្ចដែលរងគ្រោះខ្លាំងជាងគេ។ ជាក់ស្ដែងអាជីវកម្មចំនួន ២៣២ លាននៅក្នុងវិស័យលក់ដុំនិងរាយ អាជីវកម្មចំនួន ១១១ លាននៅក្នុងឧស្សាហកម្មផលិតកម្ម អាជីវកម្ម ៥១លាន ជាប្រភេទអាជីវកម្មផ្ដល់កន្លែងស្នាក់នៅនិងសេវាកម្មម្ហូបអាហារ និងអាជីវកម្មចំនួន ៤២ លាននៅក្នុងវិស័យអចលនទ្រព្យ និងសកម្មភាពអាជីវកម្មផ្សេងទៀត។

នាយកប្រតិបត្តិរបស់ (ILO) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា « សម្រាប់កម្មកររាប់លាននាក់ដែលគ្មានប្រាក់ចំណូលមានន័យថា ពួកគេនឹងគ្មានស្បៀងអាហារ គ្មានសន្ដិសុខ ហើយគ្មានអនាគត ខណៈអាជីវកម្មរាប់លាននៅជុំវិញពិភពលោកកំពុងដកដង្ហើមខ្លីៗ ដោយសារពួកគេគ្មានប្រាក់សន្សំ ឬទទួលបានឥណទាន។ ដូច្នេះហើយទាំងនេះ គឺជាមុខមាត់ពិតនៃពិភពការងារ ប្រសិនបើយើងមិនជួយពួកគេទេឥឡូវនេះពួកគេនឹងត្រូវវិនាសទៅវិញ »។ ទោះបីជាយ៉ាងនេះនាយកប្រតិបត្តិរូបនេះក៏បានណែនាំដល់ រដ្ឋាភិបាលគួរតែទទួលស្គាល់ថាពួកគេត្រូវការកសាងសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ដោយការអនុវត្តការងារល្អឲ្យប្រសើរជាងមុន មិនមែនជាការវិលត្រឡប់ទៅកាន់ពិភពមុននៃវិបត្តិការងារដែលមិនច្បាស់លាស់នោះទេ៕
ប្រភព៖ ibtimes
អត្ថបទ៖ លីនី


