អំឡុងវិបត្តិវីរុសកូរ៉ូណា បរទេសដែលរស់នៅជប៉ុនច្រើនជាង ៣ខែ អាចមានសិទ្ធិទទួលយកប្រាក់សង្គ្រោះ ១០០,០០០ យេន ពីរដ្ឋាភិបាលជប៉ុនបាន
សេដ្ឋកិច្ច April 29, 2020 Chan Sreyny

កាលពីពាក់កណ្ដាលខែមេសា កន្លងទៅថ្មីៗនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានប្រកាសពីគម្រោងផ្ដល់ថវិកាជំនួយចំនួន ១០០,០០០ យេន ឬ ប្រហែលនឹង ៩៣០ ដុល្លារ សម្រាប់មនុស្សម្នាក់ ដែលជាផ្នែកមួយនៃវិធានការណ៍សេដ្ឋកិច្ចដើម្បីដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ គម្រោងចែកថវិកាថ្មីនេះ គឺជំនួសឲ្យគម្រោងចែកជូនថវិកាមុនដែលរដ្ឋាភិបាលជប៉ុនបានសន្យាផ្ដល់​ប្រាក់ចំនួន ៣០ ម៉ឺនយ៉េនដល់គ្រួសារដែលរងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារការផ្ទុះឡើងនៃវីរុសនេះនិងស្ថានភាពអាសន្នជាបន្តបន្ទាប់។

យ៉ាងណាមិញយើងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា គម្រោងចែកថវិកាចំនួន ១០០,០០០ យេននេះ មិនត្រឹមចែកជូនដល់ប្រជាជនជប៉ុនតែប៉ុណ្ណោះទេ តែសម្រាប់ជនបរទេសដែលបានស្នាក់ក្នុងប្រទេសជប៉ុនយ៉ាងតិច ៣ខែក៏ទទួលបានប្រាក់ឧបត្ថម្ភនេះដែរ ដោយមិនគិតពីប្រាក់ចំណូល ឬ ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន។ ប៉ុន្តែជនបរទេសទាំងអស់ត្រូវបំពេញពាក្យសុំរបស់ខ្លួនហើយបញ្ជូនទៅការិយាល័យរដ្ឋាភិបាលក្រុងក្នុងមូលដ្ឋានដែលពួកគេស្នាក់នៅ រួមជាមួយឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណនិងព័ត៌មានគណនីធនាគារ។

បន្ថែមពីនេះអ្នកដែលទទួលបានលេខនៃកាតដែលចេញដោយអាជ្ញាធរនឹងអាចដាក់ពាក្យតាមអ៊ិនធឺរណែតតាមរយៈគេហទំព័ររដ្ឋាភិបាល ដើម្បីស្នើសុំ។ ប៉ុន្តែ URL សម្រាប់ពាក្យសុំតាមអ៉ីនធឺណេតមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ខណៈរដ្ឋាភិបាលនឹងរក្សាបច្ចុប្បន្នភាពទំព័រនេះនៅពេលដែលពួកគេសិក្សាព័ត៌មានលំអិតបានរួចរាល់។ ទោះបីជាយ៉ាងនេះក្ដីរដ្ឋាភិបាលជប៉ុនបាននិយាយថា ខ្លួនកំពុងធ្វើការឆ្ពោះទៅរកការអនុញ្ញាតឱ្យប្រជាជនដាក់ពាក្យសុំរបស់ពួកគេឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដូច្នេះពួកគេអាចទទួលបានប្រាក់នៅដើមខែឧសភា៕

ប្រភព៖ timeout
អត្ថបទ៖ លីនី