អាមេរិកច្រានចោលសំណើរបស់ថៃក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ហើយសម្រេចផ្អាកសិទ្ធិអនុគ្រោះពន្ធលើផលិតផលថៃជាង ៥០០ មុខ
សេដ្ឋកិច្ច April 29, 2020 Chan Sreyny

សហរដ្ឋអាមេរិកបានផ្អាកសិទ្ធិអនុគ្រោះពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) លើផលិតផលថៃចំនួន ៥៧៣ មុខចាប់ពីថ្ងៃពីថ្ងៃទី ២៥ ខែមេសាដែលបានគ្រោងទុក បើទោះបីជាប្រទេសថៃបានអំពាវនាវដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ពីបញ្ហា​នេះកាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសា ក៏ដោយ នេះបើយោងតាមការបញ្ជាក់របស់លោក Keerati Ratchano អគ្គនាយកនៃក្រសួងពាណិជ្ជកម្មបរទេស។

ក្នុងនោះផងដែរលោកបានមានប្រសាសន៍ថា ប៉ុន្មានសប្តាហ៍មុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បានសរសេរលិខិតទៅ USTR និងលោកប្រធានាធិបតីដូណាល់ត្រាំស្នើសុំពន្យារពេលការព្យួរនេះខណៈប្រទេសថៃក៏ដូចជាប្រទេសភាគច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្ទុះឡើងនៃ Covid-19 ។ ប៉ុន្តែពួកគេបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់យើង ហើយបានដំណើរការកាលពីថ្ងៃទី ២៥ ខែមេសាតាមផែនការដើមរបស់ពួកគេដែលជាលទ្ធផលផលិតផលថៃ ៥៧៣ មុខ ពេលនេះគ្មានឯកសិទ្ធិ GSP ហើយឥឡូវនេះត្រូវទទួលរងនូវពន្ធគយជាមធ្យម ៤.៧ ភាគរយជំនួស ០ ភាគរយ។

អគ្គនាយកនៃក្រសួងពាណិជ្ជកម្មបរទេសរូបនេះបានបន្ថែមឲ្យដឹងថា ការត្រូវបានផ្អាកពីប្រព័ន្ធអនុគ្រោះពន្ធនេះមិនមានន័យថាប្រទេសថៃនឹងខាតបង់ពាណិជ្ជកម្មចំនួន ៤០ ពាន់លានដុល្លារជាមួយអាមេរិកនោះទេ។ វាមានន័យថាប្រទេសថៃត្រូវបង់ពន្ធក្នុងអត្រាធម្មតាដូចប្រទេសដទៃដែរ។ ហើយតាមការប៉ាន់ស្មានរបស់ក្រសួងពាណិជ្ជកម្មពន្ធគយដែលបានកើនឡើងគួរតែមានចំនួនពី ១.៥ ពាន់លានបាត (ប្រមាណជាង ៤៦ លានដុល្លារ) ដល់ ១.៨ ពាន់លានបាត (ប្រមាណជាង ៥៥ លានដុល្លារ)។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនការនាំចេញសរុបរបស់ថៃទៅសហរដ្ឋអាមេរិកមានចំនួន ៣១.១៩ ពាន់លានដុល្លារដែលរួមមាន ផលិតផលដែលស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធក៏ដូចជាទំនិញដែលស្ថិតនៅក្រៅប្រព័ន្ធ។ ហើយក្នុងចំណោមផលិតផលទាំង ៥៧៣ ដែលនឹងលែងមានឯកសិទ្ធិ GSP ប្រទេសថៃនាំចេញតែ ៣១៥ ប៉ុណ្ណោះនៃផលិតផលទាំងនោះទៅសហរដ្ឋអាមេរិកដែលមានចំនួន ១.៥ ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងអាហារកំប៉ុង ឧបករណ៍អគ្គិសនី និងសេរ៉ាមិច៕

ប្រភព៖ nationthailand
អត្ថបទ៖ លីនី