ក្រុមហ៊ុនជប៉ុនចំនួនពីរ ចាប់ដៃគ្នាបង្កើតអាជីវកម្មផលិតថាមពលកូនកាត់ដោយប្រើអង្កាមជាឥន្ធនៈ នៅកម្ពុជាក្នុងឆ្នាំ២០២១ ក្នុងគោលបំណងជួយធានាដល់ការផ្គត់ផ្គង់ថាមពលឲ្យមានស្ថេរភាព
សេដ្ឋកិច្ច April 28, 2020 Chan Sreyny

ក្រុមហ៊ុនជប៉ុនចំនួនពីរ ដែល​ជាក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញមានឈ្មោះថា Aura Green Energy Co និងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបន្ទះសូឡា WWB Corp បានសហការគ្នាបង្កើតអាជីវកម្មផលិតថាមពលកូនកាត់រួមផ្សំថាមពលជីវម៉ាស និងថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាក្នុងឆ្នាំ២០២១ ក្នុងគោលបំណងជួយធានាដល់ការផ្គត់ផ្គង់ថាមពលឲ្យមានស្ថេរភាព។

ក្នុងនោះផងដែរក្រុមហ៊ុនទាំងពីរគ្រោងនឹងសាងសង់រោងចក្រសម្រាប់ផលិតថាមពលដោយប្រើអង្កាមជាឥន្ធនៈនៅក្នុងរោងម៉ាស៊ីនកិនស្រូវក្បែរទីក្រុងភ្នំពេញរួមជាមួយផ្ទាំងសូឡា។ ក្រោមគម្រោងដែលមានតម្លៃ ៤០០ លានយ៉េន (៣.៧ លានដុល្លារ) រោងចក្ររោងចក្រថាមពលបៃតងបានរួមបញ្ចូលគ្នាដែលមានសមត្ថភាពសរុប ១៥០០ គីឡូវ៉ាត់។ ថាមពលទាំងនេះ នឹងត្រូវផ្គត់ផ្គង់ដល់រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុន អង្គរកសិកម្មរុងរឿង (Angkor Kasekam Roongroeung Co., Ltd) ដែលជាអ្នកផលិតអង្ករក្នុងស្រុកដ៏ធំមួយនៅក្នុងខេត្តកណ្តាល ដោយមានផែនការលក់នូវថាមពលដែលលើសទៅឱ្យក្រុមហ៊ុនថាមពលក្នុងស្រុកណាមួយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនជប៉ុនទាំងពីរបានបង្កើតការបណ្តាក់ទុនរួមគ្នានៅកម្ពុជា កាលពីខែកុម្ភៈសម្រាប់អាជីវកម្មនេះ ហើយគម្រោងនេះត្រូវបានឧបត្ថម្ភធនមួយផ្នែកដោយរដ្ឋាភិបាលជប៉ុនក្នុងទឹកប្រាក់ប្រមាណ ១១០ លានយ៉េនក្រោមយន្តការផ្តល់ឥណទានរួមគ្នាលើផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីផ្លាស់ប្តូរការបំភាយឧស្ម័នកាបូនឌីអុកស៊ីត។ ខណៈក្រុមហ៊ុន Aura Green Energy ប៉ាន់ប្រមាណថាគម្រោងនេះនឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិកចំនួន ១,៣១៦ តោនក្នុងមួយឆ្នាំពីការបង្កើតថាមពលជីវម៉ាសនិង ៥៦៥ តោនពីថាមពលពន្លឺព្រះអាទិត្យ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី