ភ្នំពេញ៖ ក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពជំងឺកូវីដ-១៩ » កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នក្រសួងសុខាភិបាលបានចុះកិច្ចសន្យាក្នុងការទិញម៉ាស់ពីបណ្ដាក្រុមហ៊ុនមួយចំនួន ដើម្បីត្រៀមទុកឆ្លើយតបក្នុងករណីណាមួយដែលអាចនឹងផ្ទុះឡើងភ្លាមៗ បើទោះបីជាពេលនេះក្រសួង បានព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ជាសះស្បើយច្រើនក៏ដោយ។
លោកជំទាវបានបញ្ជាក់បន្ថែមថា នៅក្នុងពេលនេះក្រសួងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងស្រុកក្នុងការទិញម៉ាស់ក្រណាត់ ដោយមានគម្រោងទិញចំនួន ២លានម៉ាស់ ដើម្បីចែកជូនបងប្អូនកម្មករ កម្មការនី និងពលករ ប្រសិនបើមានការរីករាលដាលជាទ្រង់ទ្រាយធំណាមួយកើតឡើងភ្លាមៗនៅក្នុងប្រទេសយើង។

បន្ថែមពីនេះយោងតាមប្រសាសន៍របស់លោកជំទាវ បានឲ្យដឹងថា ក្រសួងសុខាភិបាលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន ៤ ដោយប្រភេទ surgical mask (ម៉ាស់ធម្មតា) និងម៉ាស់ N95 ក្រសួងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន ៣។ ក្នុងនោះក្រុមហ៊ុនចំនួន២ ស្ថិតនៅក្នុងស្រុកដោយក្រុមហ៊ុនមួយស្ថិតនៅខេត្តកំពង់ចាម និងមួយស្ថិតនៅកំពង់សោមក្នុងតំបន់សេដ្ឋកិច្ចពិសេស ហើយមួយទៀតជាក្រុមហ៊ុនអន្តរជាតិនៅក្រៅប្រទេស។

លើសពីនេះទៅទៀតលោកជំទាវបានបន្តថា រហូតមកដល់សព្វថ្ងៃនេះនៅក្នុងឃ្លាំងយុទ្ធសាស្រ្តរបស់ក្រសួងមានម៉ាស់ស្តុករួចជាស្រេចចំនួនជាង ៨លានម៉ាស់ ដោយម៉ាស់ N95 មានចំនួន ៦៨ ម៉ឺនម៉ាស់ រួមជាមួយសម្លៀកការពារចំនួន ៥០០០ ឈុតនិងខ្នើយ មុងកន្ទេលចំនួន ៥០០០។ ដោយឡែកក្រសួងក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនមួយទៀតនៅខេត្តកំពង់ស្ពឺ ដែលផលិតនៅក្នុងស្រុកសម្រាប់ ២លានម៉ាស់ ដោយនៅថ្ងៃទី០១ ខែឧសភានេះ ក្រសួងនឹងទទួលគ្រប់ចំនួននៅក្នុងឃ្លាំងយុទ្ធសាស្ត្រដែលមានម៉ាស់ចំនួន ១១លានម៉ាស់ ហើយសម្រាប់ម៉ាស់ក្រណាត់ គឺទទួលនៅថ្ងៃទី២៨ ខែឧសភា ដូច្នេះសម្ភារៈទាំងអស់ បូករួមទាំងសម្ភារៈវេជ្ជសាស្ត្រ និងសម្ភារៈសម្រាប់ជូនប្រជាពលរដ្ឋ និងពលករ នៅចុងខែឧសភានឹងទទួលចូលគ្រុបផែនការទាំងអស់៕
អត្ថបទ៖ លីនី


